(ព្រះវិហារ)៖ ជនសង្ស័យ៤នាក់ ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកម្លាំងយោធាកងពលធំអន្តរាគមន៍លេខ៣ ចុះឃាត់ខ្លួន និងរឹបអូសបានថ្នាំញៀនមួយចំនួនធំ ព្រមទាំងសម្ភារមួយចំនួនទៀត ក្នុងប្រតិបត្តិការឡោមព័ន្ធផ្ទះមេចែកចាយគ្រឿងញៀនម្នាក់ នៅភូមិឈើទាលគង ឃុំឈើទាលគង ស្រុកជាំក្សាន្ត ខេត្ដព្រះវិហារ។
ការចុះប្រតិបត្តិការនេះ ដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាការណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ម្សិលមិញនេះ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នេះថា ការចុះប្រតិបត្តិការនេះ ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រឹបអូសថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៩២កញ្ចប់ ស្មើនិង៥៨,០៥ក្រាម អាវុធ២ដើម ម៉ាកអាកា១ដើម អឹមសី១ដើម និងគ្រាប់២០១គ្រាប់ ព្រមទាំងបង់ចំនួន៧ និង ម៉ូតូ ទូរស័ព្ទដៃ ថវិកា និងសម្ភារមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ត្រី បានឲ្យដឹងទៀតថា មុននិងឈានដល់ការឡោមព័ទ្ធផ្ទះ ជនសង្ស័យជាមេខ្លោងចែកចាយថ្នាំញៀនខាងលើ ក៏ដោយសារសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យដែល ប្រើប្រាស់ថ្នាំញៀនជាច្រើននាក់។ ក្រោយការសួរនាំទើបជនសង្ស័យជាអ្នកប្រើប្រាស់ទាំងនោះ បានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីផ្ទះជនសង្ស័យជាមេខ្លោងខាងលើ ទើបសមត្ថកិច្ច ធ្វើការឡោមព័ទ្ធផ្ទះមេខ្លោងចែកចាយគ្រឿងញៀននេះតែម្ដង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅចាត់ការទៅតាមនិតិវិធីច្បាប់។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហាររូបនេះ បានបញ្ជាក់ថា តំបន់ភូមិឈើទាលគង ត្រូវបានអាជ្ញាធរខេត្តចាត់ទុកជាតំបន់(ស) ដែលទាមទាឲ្យសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរ មូលដ្ឋាន ត្រូវធ្វើការបង្រ្កាបបទល្មើសនៅតំបន់នេះ ឲ្យមានប្រសិទ្ធិភាពខ្ពស់។
ជាមួយគ្នានេះ លោកបានដាក់បទបញ្ជា ដល់កងកម្លាំងកងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត ក៏ដូចជាកងកម្លាំងកងរាជអាវុធហត្ថ ប្រចាំទិសត្រូវយកចិត្តទុកដាក់បង្រ្កាបបទល្មើស នៅចំនុចតំបន់ (ស) ខាងលើនេះ ឲ្យមានប្រសិទ្ធិភាព ដែលបទល្មើសនៅទីនោះ រួមមានការចែកចាយគ្រឿងញៀន និងការគៀងគរប្រជាពលរដ្ឋឆ្លងដែនកាប់ឈើគ្រញូង ក្នុងទឹកដីថៃដោយខុសច្បាប់៕