Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ ចេញសេចក្តីណែនាំ៤ចំណុច ពន្លឿនដល់ការបើកប្រាក់ឧបត្ថម្ភបន្ថែម ដល់កម្មករជាស្រ្តីទាំងក្នុង និងក្រៅប្រព័ន្ធ ពេលសម្រាលកូន

13-01-2018 12:55

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ណែនាំចំនួន៤ចំណុច ដល់ថៅកែរោងចក្រ សហគ្រាស រួមទាំងកម្មករ-និយោជិតនានា ក្នុងគោលបំណងពន្លឿនក្នុងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលដល់កម្មករ និយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ ពេលសម្រាលកូន។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កន្លងទៅ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរកឃើញអំពីបញ្ហាប្រឈមមួយចំនួន ក្នុងការបើកប្រាក់ឧបត្ថម្ភ ដែលកន្លែងមួយចំនួន មានភាពយឺតយ៉ាវ ដោយខ្វះឯកសារ និងខ្វះការផ្តល់ព័ត៌មាន អំពីការសម្រាលកូន ជាដើម។

ក្រសួងការងារបានបញ្ជាក់ទៀតថា ដើម្បីបើកផ្តល់ប្រាក់ឧប្ថម្ភនេះ ឲ្យបានកាន់តែលឿន សូមធ្វើតាមបែបបទ និងនីតិវិធីមួយចំនួនដូចខាងក្រោម៖

ទី១៖ សាម៉ីខ្លួនត្រូវភ្ជាប់មកតាមខ្លួននូវអត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរ និងលេខទូរស័ព្ទឲ្យបានច្បាស់លាស់។

ទី២៖ សាម៉ីខ្លួនត្រូវភ្ជាប់មកតាមខ្លួននូវប័ណ្ឌសមាជិក ប.ស.ស ឫប័ណ្ឌមូលនិធិសមធម៌សុខាភិបាល។

ទី៣៖​ សាម៉ីខ្លួន ឫសាច់ញាតិរបស់ខ្លួន ត្រូវជូនដំណឹងមក ប.ស.ស តាមរយៈលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលចូលទៅសម្រាលកូនក្នុងមន្ទីរពេទ្យ ដែលគ្មានភ្នាក់ងារ ប.ស.ស ។

និងទី៤៖ ស្នើមូលដ្ឋានសុខាភិបាលទាំងអស់ ផ្តល់កិច្ចសហការ និងព័ត៌មាន ដល់មន្ត្រីសាខា ប.ស.ស នៅតាមស្នាក់ការ ប.ស.ស រាជធានី ខេត្ត ខណ្ឌ អំពីការទៅទទួលសេវាសម្រាលកូនក្នុងមូលដ្ឋាន។

លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ថវិការសរុប ៥៦០លានរៀល ដល់ស្រ្តីសម្រាលចំនួន ១,៣៨៧នាក់ និងមានទារកសរុបចំនួន ១,៤០០នាក់៕