(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី​១៣ ខែមករា​ ឆ្នាំ២០១៨នេះ លោក អ៊ុំ​ រាត្រី​ អនុប្រធានក្រុមការងារយុវជនខេត្ត និងជាអភិបាលរងខេត្តបន្ទាយមានជ័យ បានទទួលជួបសម្តែងការគួរសម ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ជាមួយក្រុមការងារយុវជនបក្សថ្នាក់កណ្តាលទទួលបន្ទុកតំបន់៣​ ដឹកនាំដោយលោក ជាម ច័ន្ទសោភ័ណ​ និងលោក ឡាយ គឹមលី។

លោក អ៊ុំ​ រាត្រី​ បានថ្លែងនូវការស្វាគមន៍ ចំពោះគណប្រតិភូ​ ព្រមទាំងរាយការណ៍អំពីសភាពការណ៍រួម ក្នុងការដឹកនាំកសាងកម្លាំងយុវជនខេត្ត សម្រេចបានលទ្ធផល ជាច្រើននាពេលកន្លងមក។

លោកបន្តថា ក្រុមការងារយុវជនខេត្ត គឺមានស្ថានភាពអំណោយផលច្រើន ដោយមានលោកអភិបាលខេត្តជាប្រធាន ព្រមទាំងមានការជ្រោមជ្រែងយ៉ាងពេញទំហឹង ពីសំណាក់លោក ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ។

លោក អ៊ុំ​ រាត្រី​ អនុប្រធានក្រុមការងារយុវជនខេត្ត បានថ្លែងបញ្ជាក់ថា ដោយមើលឃើញពីកម្លាំងឈានមុខ និងមិនរុញរាក្នុងការសម្រេចបាន លទ្ធផលជាផ្លែផ្កា ទើបថ្នាក់ដឹកនាំបានសម្រេច ធ្វើការតែងតាំងតួនាទីបញ្ចូលទៅក្នុងអង្គភាពមួយចំនួនក្នុងខេត្ត។

ថ្លែងនាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ​ ប្រធានក្រុមទទួលបន្ទុកតំបន់៣​ នៃក្រុមការងារយុវជនថ្នាក់កណ្តាល​ បានសម្តែងនូវអំណរសាទរ ដោយថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលក្រុមការងារយុវជនខេត្តបន្ទាយមានជ័យ ខិតខំសម្រេចបានយ៉ាងល្អ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ នាជំនួបនោះ ក្រុមការងារបានលើកឡើងនូវសំនួរជាច្រើន ពិភាក្សាគ្នាទៅវិញទៅមក ដកស្រង់យកនូវបទពិសោធន៍ ក្នុងការអនុវត្តសកម្មភាពរយៈកាល កន្លងមក ដើម្បីបន្ថែមនូវចំនុចដែលនៅសេសសល់ ធ្វើយ៉ាងណាឲ្យក្រុមការងារយុវជនបក្ស សម្រេចបាននៅលទ្ធផល នាពេលបន្ទាប់ឲ្យកាន់តែល្អថែមឡើងមួយកម្រិតទៀត៕