(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងក្រុមគ្រួសារទាំងមូល បានចេញសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំ និងញាត្តិមិត្តទាំងឡាយ ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពឧបាសក គង់ ខាត់ ជាបិតាក្មេក កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ។
សម្ដេច សាយ ឈុំ និងក្រុមគ្រួសារ បានចាត់ទុកថា ការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងឆ្លៀតពេលវេលាដ៏មមាញឹកចូលរួមជាកិត្តិយស ព្រមទាំងការជួយជ្រោមជ្រែងនាពេលមកនេះ បានបង្ហាញឃើញពីទឹកចិត្តគោរពស្រឡាញ់រាប់អាន ដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេច លោកឧកញ៉ា លោក លោកស្រី និងអ្នកនាងកញ្ញាទាំងអស់ ហើយលោកសូមចងចាំជានិច្ចនូវសមានចិត្ត និងមនោសញ្ចេតនាដ៏ឧត្តុង្គឧត្តម ប្រកបដោយសប្បុរសធម៌ និងគុណូបការៈ ដ៏ថ្លៃថ្លាគ្រាដែលលោក និងគ្រួសារកំពុងតែមានទុក្ខដ៏ក្រៀមក្រមនេះ។
សូមបញ្ជាក់ថា ឧបាសក ជាបិតាក្មេករបស់ សម្ដេច សាយ ឈុំ បានទទួលមរណភាពដោយជរាពាធ នៅក្នុងជន្មាយុ១០១ឆ្នាំ នៅវេលាម៉ោង៥៖៣៦នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨៕