(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ MYTV សហការជាមួយក្រុមហ៊ុនស្រាបៀរ Ganzberg បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីរៀបចំមហាព្រឹត្តិការណ៍ ពានរង្វាន់ហ្វូតសាល រដូវកាលទី៣ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នេះ មានឈ្មោះថា «Ganzberg Futsal Cup 2018» ដែលមានទឹកប្រាក់​រហូតដល់​ ១​៥,០០០ពាន់ដុល្លារ។

លោក Fanz Jose Bruue តំណាងឲ្យក្រុមហ៊ុនស្រាបៀរ Ganzberg បានថ្លែងថា ក្រុមហ៊ុននៅតែគាំទ្រ ពានរង្វាន់ហ្វូតសាល រដូវកាលទី៣ «Ganzberg Futsal Cup 2018» និងតាមរូបភាពផ្សេងៗទៀត ក្នុងការលើកស្ទួយ វិស័យកីឡាបាល់ទាត់ ជាពិសេសកីឡាបាល់ទាត់ ហ្វូតសាលនេះ តែម្តង​។

លោកបន្តថា Ganzberg បានប្តេជ្ញាចិត្តចូលរួម និងគាំទ្រវិស័យកីឡាបាល់ទាត់ ប្រដាល់ ដើម្បីលើកស្ទួយកម្ពស់គុណភាព ថែមទំាងគាំទ្រស្មារតីកីឡា ក្នុងប្រទេសកម្ពុជា។

ដោយឡែក លោក ស៊ីថូ ណាថាន់ ក៏បានថ្លែងបន្ថែមថា សម្រាប់ប្រកួតនៅឆ្នាំនេះ មានជាង២០០​ក្រុមចូលរួម ដោយយើងចាប់ផ្តើម ធ្វើការជម្រុះតាមបណ្តា​ខេត្ត ដែលជាមណ្ឌលនីមួយៗ ដើម្បីបង្គ្រប់៤៨ក្រុម ដោយសារតែយើងបានជ្រើសរើស យក៨ក្រុមជើងខ្លំាង​ឆ្នាំចាស់ ឲ្យឈរចាំ ដោយស្វ័យប្រវត្តិរួចទៅហើយ៕