(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបានអញ្ជើញទស្សនាព្រឹត្តិការណ៍តាំងពិពរណ៌កងទ័ព នៅកោះពេជ្រ សម្តេចក៏បានបន្តអញ្ជើញជួបសំណេះសំណាល ព្រមទាំងពិសារអាហារជាមួយបងប្អូនអ្នកប្រកបរបរ ធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាង៣០០នាក់។ ពិធីសំណេះសំណេះសំណាល និងពិសារអាហារជុំគ្នានេះ ធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
នៅដើមឆ្នាំ២០១៨នេះ ឆ្លើយតបនឹងទុក្ខលំបាក ក៏ដូចជាការខ្វះខាតក្នុងជីវភាពរបស់បងប្អូនអ្នកធាក់ស៊ីក្លូនោះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យអ្នកធាក់ស៊ីក្លូទាំងអស់ អាចទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃនោះឡើយ។ ការជួបសំណេះសំណាល និងហូបបាយជាមួយអ្នកធាក់ស៊ីក្លូ
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅពេលជួបសំណេះសំណាលជាមួយបងប្អូនអ្នកប្រកបរបរ ធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានហេតុផលចំនួន៤ ដែលនាំឲ្យសម្តេចសម្រេចបង្កើតមូលនិធិត្រីចក្រយាន (មូលនិធិស៊ីក្លូ)។ ហេតុផលទាំង៤នោះរួមមាន៖ ខែមករា ជាខួប ៣៩ឆ្នាំនៃការរំដោះប្រទេសចេញពីរបប ប៉ុល ពត, ៥ មករា ខួប ៤២ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់សម្តេច, ថ្ងៃទី០៨ មករា ជាខួប ៣៩ឆ្នាំ នៃការចូលកាន់កាប់អំណាចរដ្ឋតាមរយៈជ្រើសតាំង ជារដ្ឋមន្ត្រីក្រសួងការបរទេស និងទី៤ នៅថ្ងៃទី១៤ ខែមករា គឺជាខួបលើកទី ៣៣ឆ្នាំ ដែលសម្តេចបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្លាប់មានសមាគមមួយចំនួនធ្លាប់បានយកថវិកាសម្តេច ដើម្បីទៅទ្រទ្រង់សកម្មភាពនានា តែទីបំផុតបែរជាយកទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន។ ព្រោះតែហេតុនេះហើយទើបសម្តេចបង្កើតមូលនិធិត្រីចក្រយាន ហើយគ្រប់គ្រងដោយខ្លួនឯង។ ក្នុងន័យនេះសម្តេចច្រានចោលផងដែរ រាល់ការអធិប្បាយនានា ដែលថាសម្តេចព្យាយាមទាញបងប្អូនអ្នកធាក់ស៊ីក្លូមកគ្រប់គ្រងផងដែរ។
* សម្រាប់បងប្អូនអ្នកធាក់ស៊ីក្លូ ដែលបានចូលជាសមាជិកនៃមូលនិធិត្រីចក្រយាន នឹងទទួលបានការព្យាបាលជំងឺតាមមន្ទីរពេទ្យរដ្ឋដោយមិនបង់ប្រាក់ ទទួលបានប្រាក់ឧបត្ថម្ភ ៧ពាន់រៀលក្នុងមួយថ្ងៃ ក្នុងនោះពីរពាន់រៀលសម្រាប់ថ្លៃជួលស៊ីក្លូវ ៥ពាន់រៀលសម្រាប់ថ្លៃបាយ ហើយប្រាក់នេះនឹងបើកជូន ១០ថ្ងៃម្តង តាមរយៈសេវាវីង។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសទៀតថា ក្រៅពីផ្តល់ការព្យាបាលនៅមន្ទីរពេទ្យ និងថវិកាប្រចាំថ្ងៃហើយនោះ ក៏នឹងមានការផ្តល់សម្លៀកបំពាក់ និងការឧបត្ថម្ភថវិកាពេលមានបុណ្យជាតិផ្សេងៗផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យមានការផ្តល់ជាអាវរងារដល់អ្នកធាក់ស៊ីក្លូវពេលខែរងារ និងផ្តល់អាវភ្លៀងនៅរដូវភ្លៀង។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យមានការគិតគូរពីការឧបត្ថម្ភនានា នៅពេលបងប្អូនអ្នកធាក់ស៊ីក្លូទទួលមរណភាពផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយឆ្នាំមូលនិធិត្រីចក្រយានអាចនឹងត្រូវចំណាយក្នុងរង្វង់ ២៤-៣០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។ សម្តេចតេជោ បានសម្រេចដាក់ថវិកាចូលមូលនិធិដំបូងប្រមាណ ១៤ម៉ឺនដុល្លារអាមេរិក ហើយសម្តេចឧបត្ថម្ភប្រចាំខែប្រមាណ ២ម៉ឺនដុល្លារថែមទៀតផង។
* ឧកញ៉ាល្បីៗនៅកម្ពុជា ក៏បានឧបត្ថម្ភមូលនិធិប្រចាំឆ្នាំសរុបប្រមាណ ២០ម៉ឺនដុល្លារក្នុងមួយឆ្នាំផងដែរ រួមមាន៖ ឧកញ៉ា គិត ម៉េង ៥ម៉ឺនដុល្លារ, ឧកញ៉ា លាង ឃុន ៥ម៉ឺនដុល្លារ, ឧកញ៉ា ថៃ ជាហួត ៥ម៉ឺនដុល្លារ, ឧកញ៉ា អ៉ឹង ប៊ុនហូវ ៥ម៉ឺនដុល្លារ។ អភិបាលរាជធានីភ្នំពេញ ក៏បានជួយ ៤០លានរៀលផងដែរ។
* នៅព្រឹកថ្ងៃនេះ ក៏មានការឧបត្ថម្ភថវិកាមួយចំនួនចូលទៅក្នុងមូលនិធិពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលផងដែរ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ៥ពាន់ដុល្លារ, ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ៣ពាន់ដុល្លារ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ២៥០០ដុល្លារ, លោក ម៉ម ប៊ុនហេង ២៥០០ដុល្លារ, លោក អ៉ិត សំហេង ៥០០០ដុល្លារ, លោក ប៉ា សុជាតិវង្ស ២៥០០ដុល្លារ, លោក ឧស្ម័ន ហាសាន់ ២៥០០០ដុល្លារ និងឧកញ៉ា លី ហួរ ៣០០០០ដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកប្រកបរបរលើវិស័យទេសចរណ៍ទាំងអស់ ចូលរួមគាំទ្រដល់អ្នកធាក់ស៊ីក្លូ។ សម្តេចក៏បានអំពាវនាវដល់អ្នកធាក់ស៊ីក្លូ កុំបរិភោគគ្រឿងស្រវឹងពេលធាក់ស៊ីក្លូ។
* បន្ទាប់ពីបញ្ចប់ថ្លែងសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំណោយជាសំភារៈ និងថវិកាដល់បងប្អូនប្រកបរបរធាក់ស៊ីក្លូ៕