(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលឡាវ បានរួមគ្នាប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគ្នានិងគ្នាបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យការវិវត្តន៍ នៃវិស័យធនាគារនៃប្រទេសទាំងពីរ កាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក៏ដូចជារឹតបន្ដឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យាកាន់តែស្អិតរមួតផងដែរ។
ការរួមគ្នាប្ដេជ្ញារវាងធនាគារទាំងពីរនេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគី កម្ពុជា-ឡាវ នាពេលថ្មីៗនេះ ក្នុងឱកាសដែលគណៈប្រតិភូធនាគារកណ្ដាលឡាវ មកធ្វើទស្សនកិច្ចសិក្សានៅក្នុងប្រទេសកម្ពុជា។ អង្គប្រជុំទ្វេរភាគីនេះក៏មានការអញ្ជើញចូលរួមពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក SOMPHAO PHAYSITH ទេសាភិបាលធនាគារឡាវ រួមទាំងមន្ដ្រីធនាគារកម្ពុជា និងមន្ដ្រីធនាគារឡាវជាច្រើនរូបទៀតផង។
លោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា តាមការកត់សម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការ របស់ធនាគារកណ្ដាលប្រទេសទាំងពីរ ពិតជាទទួលបានការរីកចម្រើនល្អប្រសើរឡើងពីមួយឆ្នាំទៅ១ឆ្នាំ។ សម្រាប់អង្គប្រជុំថ្ងៃនេះក៏សបញ្ជាក់ថែមទៀតពីឆន្ទៈ នៃការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរ។
លោកបានបញ្ជាក់ទៀតថា «ឈរលើមូលដ្ឋាននេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ស្ថាប័នយើង នឹងនៅតែបន្ដវប្បធម៌កិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និតនាពេលអនាគត»។
ក្នុងនោះផងដែរលោក ទេសាភិបាលក៏បានលើកយក ពីសារៈសំខាន់នៃការចុះធ្វើទស្សនកិច្ចរវាងគ្នាទៅវិញទៅមកផងដែរ។ លោកបានលើកឡើងថា ការធ្វើទស្សនកិច្ចទៅវិញទៅមកនេះមានសារៈប្រយោជន៍ណាស់ចំពោះ ការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពជំនាញ ក៏ដូចជាពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងមន្ដ្រីនៃធនាគារកណ្ដាលទាំងពីរ ឲ្យកាន់តែជិតស្និតគ្នាបន្ថែមទៀត។
លោក SOMPHAO PHAYSITH ក៏បានបង្ហាញអំពីការវិវត្ត និងស្ថានភាពលេចធ្លោ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច ការអនុវត្តន៍គោលនយោបាយរូបបិវត្ថុ និងការគ្រប់គ្រងធនាគារពាណិជ្ជ និងស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់ធនាគារ សបប ឡាវ ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសជាច្រើនផងដែរ៕