(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១២ ខែមករានេះ បានអនុញ្ញាតថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់ចិន ចំនួនពីបានចូលជួបសម្តែងការគួរសម និងសុំការចង្អុលបង្ហាញលើគម្រោងអភិវឌ្ឍន៍មួយចំនួននៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបសម្តែងការគួរសមនេះ លោក លាវ លៀនកឺ អគ្គនាយកធនាគារនីហរ័ណ-អាហរ័ណរបស់ចិន បានកោតសរសើរចំពោះសេដ្ឋកិច្ច សង្គមកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា ដែលបាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ លោក លាវ លៀនកឺ បានលើកឡើងថា ភាពរីកចម្រើនរបស់កម្ពុជា បានធ្វើឲ្យធនាគារនីហរ័ណ-អាហរ័ណរបស់ចិន មានចំណាប់អារម្មណ៍ខ្លាំងក្នុងការចូលរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា។
លោក លាវ បានជម្រាបសម្តេចតេជោដែរថា កន្លងមកធនាគារនីហរ័ណ-អាហរ័ណ បានចូលរួមចំណែកក្នុងការអភិវឌ្ឍនៅកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រជាដើម។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានជម្រាបជូនលោក លាវ លៀនកឺ ថា កម្ពុជាបានដាក់ស្នើគម្រោងទៅកាន់ចិនសម្រាប់ឆ្នាំ២០១៨រួចហើយ គឺគម្រោងខ្សែក្រវ៉ាត់ទី៣របស់រាជធានីភ្នំពេញ។ ក្នុងន័យនេះសម្តេចប្រមុខរាជរដ្ឋាភិបាល ស្នើសុំឲ្យធនាគារនីហរ័ណ-អាហរ័ណចិនពិនិត្យជំរុញគម្រោងនេះឲ្យមានដំណើរទៅមុខបន្តទៀត។
ក្នុងជំនួបជាមួយលោក លាវ ឈីថាវ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Comunication Construction Company (CCCC) ដែលជាក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងព្រះសីហនុនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រុមហ៊ុនប្រឹងប្រែងសាងសង់ផ្លូវនេះឲ្យបានល្អ ឲ្យបានជាផ្លូវគំរូសម្រាប់ជាផលប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជា។
សម្តេចតេជោ បានគូសបញ្ជាក់ថា ផ្លូវនេះជាផ្លូវមួយ ដែលមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសក្នុងប៉ូលភ្នំពេញ-ក្រុងព្រះសីហនុ។ ស្របជាមួយគ្នានោះ សម្តេចបានស្នើសុំឲ្យក្រុមហ៊ុនជំរុញការសាងសង់ឲ្យបានលឿនផងដែរ។
ក្រុមទាំងពីរដែលបានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ សុទ្ធតែបានអះអាង និងប្តេជ្ញាថា នឹងប្រឹងប្រែងអភិវឌ្ឍន៍លើវិស័យ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឲ្យបានល្អប្រសើរ៕