(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលមួយដល់សមត្ថកិច្ចអាវុធហត្ថ និងនគរបាលក្រុងស្វាយរៀង ចេញឡានទឹកចំនួន២គ្រឿង មកជួយបាញ់ពន្លត់អគ្គិភ័យ ដែលបណ្តាលមកពីឆ្លងចរន្តអគ្គីសនីចេញ ពីបារ៉ែតភ្លើងឆាបឆេះរាលដាលដល់ម៉ាស៊ីនវ៉ៃក្រណាត់ និងសសរជញ្ជាំងស័ង្កសីឆេះរោលខ្លោចខ្មៅ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង២៖១៥នាទី រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើតាមកម្មករធ្វើនៅរោងម៉ាស៊ីន ដែលមានមានភ្លើងឆាបឆេះនោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រណាត់ជាប់ក្នុងម៉ាស៊ីនមិនដំណើរការ ហើយមួយសន្ទុះក្រោយមក ឆ្លងចរន្តបែកផ្កាភ្លើងឆាបឆេះតែម្តង។ ក្រោយមកដោយសភាពការណ៍មិនអាចគ្រប់គ្រងបាន ក៏រត់ចេញមកក្រៅហៅគេឯងជួយ និងទូរស័ព្ទដើម្បីសុំជួយអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គិភ័យ២គ្រឿង ទើបគ្រប់គ្រងស្ថានការបាន។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះត្រូវភ្លើងឆាបឆេះនេះមានឈ្មោះ យ៉ាន់ សាម៉េត អាយុ៤៣ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ហើយផ្ទះដែលឆេះជាកន្លែងកែច្នៃកំទេចក្រណាត់រោងចក្រ យកមកកែច្នៃធ្វើខ្នើយលក់។ ទំហំការខូចខាតយើងពុំទាន់បានដឹងនោះទេ។
នេះសំណាងហើយ ដែលបានសមត្ថកិច្ចអាវុធហត្ថ និងនគរបាលមកជួយអន្តរាគមន៍ទាន់ពេល កុំអីមិនដឹងថា ត្រូវឆាបឆេះរាលដាលដល់ផ្ទះអ្នកស្រុកនោះទេ។
បើយោងតាមលោក ញឹម សាំ ចៅសង្កាត់ចេក បានប្រាប់ឲ្យដឹងថា ពិតជាមានករណីឆេះនេះពិតប្រាកដមែន គឺឆេះក្រណាត់ និងម៉ាស៊ីនអស់៣-៤គ្រឿង ហើយភ្លើងបានរលត់ទាំងស្រុងហើយ ដោយបានរថយន្តពន្លត់អគ្គិភ័យ២គ្រឿង របស់សមត្ថកិច្ចជួយបាញ់ទឹកពន្លត់៕