(ភ្នំពេញ)៖ លោក គឹម រស្មី ជាសប្បុរសជនមួយរូប រស់នៅរាជធានីភ្នំពេញ ត្រូវបានព្រះមហាក្សត្រ ព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់ បង្គាប់តែងតាំងជា «ឧកញ៉ា»។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ជូនថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យលេខ៤៣ អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥ អនក្រ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៩៩មក បានកែសម្រួលលក្ខខណ្ឌក្នុងការស្នើសុំគោរមងារ «ឧកញ៉ា» របស់សប្បុរសជនធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារ ដែលមានតម្លៃពី១០០០០០ដុល្លារឡើងទៅ។
ប៉ុន្តែបច្ចុប្បន្នត្រូវតម្លើងការធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភាររហូតដល់តម្លៃលើសពី៥០០០០០(ហាសិបម៊ឺន)ដុល្លារឡើងទៅ ទើបត្រូវបានរាជរដ្ឋាភិបាល ស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណា អម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារ ជា «ឧកញ៉ា» ដូច្នេះលោក គឹម រស្មី បានក្លាយជាសប្បុរសជនដំបូងគេបង្អស់ហើយ ដែលត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានតែងតាំងគោរមងារជា «ឧកញ៉ា» ជូនតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដោយផ្អែកតាមអនុក្រិត្យថ្មីនេះ៕