(​ព្រះសីហនុ)៖ រសៀល​ថ្ងៃ​ទី១២ ខែ​មករា​ ឆ្នាំ​២០១៨​នេះ​ លោកឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​បើកកិច្ចប្រជុំ​ជាបន្ទាន់​មួយ​ ដើម្បី​ពង្រឹង​ការ​ងារ​ សន្តិសុខ​ អន្តោ​ប្រវេសន៍​ និងព្រហ្មទណ្ឌ​។

កិច្ច​ប្រជុំ​ផ្តោត​សំខាន់​ លើ​ការងារ​គ្រប់គ្រង​ជន​បរទេសពិសេស​ជនជាតិ​ចិន​ ការ​ងារ​បង្កា​រ ទប់​ស្កាត់​ ប្រឆាំង​អំពើ​ភេរវកម្ម​ និង​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​ គ្រប់​ប្រភេទ​ ដើម្បី​ការពារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ឲ្យ​មាន​និរន្តរភាព​កាន់តែ​ល្អ​ប្រសើរ។

លោកឧត្តមសេនីយ៍​ស្នងការ​ បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំងនគរបាល​អន្តោ​ប្រវេសន៍​ និង​សន្តិសុខ​សហការ​គ្នា​ ជាមួយ​អធិការ​ក្រុង​-ស្រុក​ ចុះធ្វើ​បច្ចុប្បន្ន​ភាព​ជន​បរទេស​ ដែល​កំពុងធ្វើ​ការ​ងារ​ ស្នាក់នៅ​តាម​បណ្តា​គ្រឹះស្ថាន​ ក្រុម​ហ៊ុន​នានា​ ក្នុង​ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹង​ចំនួន​មនុស្ស​ពិតប្រាកដ​, ឯក​សារ​ឆ្លង, សៀវភៅ​ការងារ​ និង​មុខ​របរ​ឲ្យ​ច្បាស់​លាស់​ កុំ​ឲ្យ​មាន​ការ​ឆក​ល្វែង​ និង​ត្រូវ​ស្មោះត្រង់។

ចំពោះ​ជនបរទេស​ណា ដែលលួចលាក់រស់នៅស្នាក់​នៅ​ខុស​ច្បាប់​មិន លោកស្នងការថា មិនត្រូវលើក​លែង​ឲ្យ​រួច​ខ្លួន​ដាច់​ខាត​ ត្រូវអនុវត្តន៍ច្បាប់អន្តោប្រវេសន៍។

លោក​ស្នងការ ​បាន​បញ្ជាក់​បន្ថែមថា ពេល​ដែល​ចុះធ្វើ​បច្ចុប្បន្ន​ភាព​ មន្ត្រី​ជំនាញ​ត្រូវ​តែ​ឆ្លៀត​បញ្រ្ជាប​ច្បាប់​ ដោយ​ម៉ឺងម៉ាត់​ដល់​ជន​បរទេស​ឲ្យ​បាន​ដឹង ​និងយល់អំពីច្បាប់នៅកម្ពុជា៖
ទី១-អ្នក​អត់​ប័ណ្ណ​ការ​ងារ​ត្រូវ​ប្រឈមនឹងពិន័យ
ទី២-អ្នក​ផឹកស៊ី​ស្រវឹង​បង្ករឿង​ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ ឬបង្កឲ្យមានរបួសស្នាមត្រូវប្រឈមមុខច្បាប់
ទី៣-បើក​បរ អត់​ច្បាប់​ ល្មើសច្បាប់ ត្រូវពិន័យ ឬប្រឈមមុខនឹងច្បាប់។

ចំណែក​នគរបាល​ព្រហ្មទណ្ឌ​ ត្រូវ​ពង្រឹង​សមត្ថភាព​ច្បាប់​ និង​មុខ​ជំនាញ​ ព្រម​ទាំងធ្វើការ​ហ្វឹកហាត់​ក្បាច់​គុន​យូដូ​ ដើម្បី​សុខភាព​ល្អ​ កាយ​សម្បទា​មាំមួន​ ការពារ​ខ្លួន​ ពេលចាប់ជនល្មើស​ប្រកបដោយ​គ្រោះ​ថ្នាក់​ផងដែរ​។

លោកឧត្តមសេនីយ៍ទោ ​ជួន​ ណា​រិន្ទ បាន​បញ្ជាក់​ថា «កងកម្លាំង​នគរបាល​ជាតិ​ ត្រូវ​ចងចាំ​ថា​ ធ្វើអ្វីមួយ​ គឺ​ដើម្បី​ប្រជា​ពលរដ្ឋ​ និង​សង្គមជាតិ និង​ត្រូវ​មាន​ស្មារតី​ សាមគ្គី​ភាព​ផ្ទៃក្នុង ស្រឡាញ់​រាប់អាន​គ្នា»