(តាកែវ)៖ នៅក្នុងកិច្ចសំណេះសំណាលជាមួយមន្រ្តីសាលាខេត្តតាកែវ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ អភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ បានធ្វើការដាស់តឿនឲ្យមន្រ្តីរាជការ ដែលបំរើការងារ នៅសាលាខេត្តទាំងអស់ ត្រូវប្រឹងប្រែងបំរើការងារកាន់តែល្អថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបទៅដោយគណេយ្យភាព តម្លាភាព និងមានប្រសិទ្ធិភាព។
លោកអភិបាលខេត្ត បានថ្លែងថា មន្រ្តីរាជការសាលាខេត្តមួយចំនួនតូច ដែលអសកម្មការងារ ឬមានអាកប្បកិរិយាមិនសក្តិសមជាអ្នកបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវតែប្លាស់ប្ដូឥរិយាបទទាំងអស់នោះចោល។ «យើងត្រូវតែត្រួតពិនិត្យ និងកែលម្អឡើងវិញនូវយន្តការផ្ដល់សេវា នៅសាលាខេត្តនិយាយជារួម យើងត្រូវតែមានមន្រ្តីប្រចាំការសម្រាប់ផ្ដល់សេវា ជូនប្រជាពលរដ្ឋប្រកបដោយការពេញចិត្តពីប្រជាពលរដ្ឋ។ ដោយឡែក រាល់លិខិតស្នាម និងឯកសានានាដែលចូលមកសាលាខេត្ត ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យពីការិយាល័យជំនាញ ឲ្យបានច្បាស់លាស់»។
លោកបានសង្កត់ធ្ងន់ថា «ចាប់ពីថ្ងៃនេះតទៅខ្ញុំបញ្ជាកុំឲ្យមានជាដាច់ខាត នូវរាល់ការចរាចរលិខិតរដ្ឋបាលមួយចំនួន ដែលមិនបានគោរពទៅតាមច្បាប់រដ្ឋបាល ដែលបានកំណត់នៅក្នុងច្បាប់។ លិខិតទាំងអស់នោះ ត្រូវតែឆ្លងកាត់ទៅតាមថនានុក្រម។ ចំណែកមន្រ្តីសាលាខេត្តខ្លះ ដែលមិនពេញចិត្តបញ្ហាអ្វីមួយ អាចសសេរសំបុត្រ ឬមកជួបផ្ទាល់ជាមួយខ្ញុំ ដើម្បីជជែកគ្នារកដំណោះស្រាយ»។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ក៏បានស្នើឲ្យមន្រ្តីទាំងអស់ត្រូវគោរពម៉ោងពេលចូលធ្វើការឲ្យបាន ទៀងទាត់ជៀសវាងអវត្តមាន។ ហើយបើមានមន្រ្តីណាអវត្តមានដោយ គ្មានមូលហេតុ នាយករដ្ឋបាលត្រូវ តែហៅមកអប់រំណែនាំ ហើយប្រសិនបើអប់រំ និងណែនាំហើយនៅតែបន្តអវត្តមានទៀត ត្រូវដាក់វិន័យរដ្ឋបាល ឬបើធ្ងន់ធ្ងជាងនេះ ត្រូវធ្វើលិខិតទៅក្រសួងមហាផ្ទៃ ស្នើសុំបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការយោគយល់នោះទេ។ ម្យ៉ាងទៀត ការងារនៅក្នុងសាលាខេត្តតាកែវទាំងអស់ត្រូវធ្វើតាមតួនាទី និងភារកិច្ចដែលបានច្បាប់បានចែង ជៀសវាងធ្វើការប្រកាន់បក្ខពួក។
លោក ឡាយ វណ្ណៈ បានសង្កត់ធ្ងន់ថា «មន្រ្តីសាលាខេត្តតាកែវទាំងអស់ ធ្វើការគ្មានបក្ខពួកនិយមនោះទេ។ ដរាបណាខ្ញុំនៅធ្វើជាគណៈអភិបាលខេត្ត ខ្ញុំមិនឲ្យមានបក្ខ មានពួកនៅសាលាខេត្តទេ។ រាល់ការតែងតាំងមន្រ្តីសាលាខេត្ត ត្រូវតែឆ្លងការការប្រជុំវាយតម្លៃពីគណៈអភិបាលខេត្ត»។
ឆ្លៀតនៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៏បានថ្លែងអំណគុណដល់មន្រ្តីរាជការសាលាខេត្ត ដែលកន្លងមកខិតខំបំរើការងារបានល្អប្រសើរ បើទោះបីជាមិនបានល្អ១រយភាគរយ យ៉ាងណាក៏ដោយ។ និយាយជារួមគ្មានរដ្ឋបាលណាដែលធ្វើកិច្ចការបានល្អឥតខ្ចោះនោះទេ។ ការងារដែលមន្រ្តីយើងបានប្រឹងបំពេញកន្លងមក បានធ្វើឲ្យប្រជាពលរដ្ឋកាន់តែជំនឿចិត្តលើការដឹកនាំរបស់រដ្ឋបាលខេត្ត ជាពិសេសធ្វើអោយពលរដ្ឋបោះឆ្នោតគាំទ្រ គណបក្សកាន់អំណាចនៅក្នុងខេត្តតាកែវ កើនឡើងប្រមាណជាង៥ម៉ឺនសំឡេងនៅក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងមក៕