(ភ្នំពេញ)៖ អាត្មាភាពព្រះនាម ព្រះមហា តែម ម៉ាច តំណាងព្រះចៅអធិការវត្តទាំង៨ នៅដែនដីពុទ្ឋភូមិ នៅប្រទេសឥណ្ឌា-នេប៉ាល់ សូមយាង និងនិមន្ត អញ្ជើញ លោក-លោកស្រី ពុទ្ឋបរិស័ទជិតឆ្ងាយ ចូលរួមចាប់មគ្គផលកុសលបុណ្យ ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនៅវត្ត «កោះមេត្តាពោធិវង្ស» ដើម្បីប្រមូលបច្ច័យឧបត្ថម្ភទ្រទ្រង់បុណ្យបញ្ចុះខ័ណ្ឌសីមា នៅវត្ត «ខ្មែរលុម្ពិនី» ប្រទេសឥណ្ឌា-នេប៉ាល់ ដោយមានរាប់បាត្រព្រះសង្ឃ១១០អង្គផងដែរ។
ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ ប្រារព្ឋធ្វើនៅវត្តកោះមេត្តាពោធិវង្ស នាថ្ងៃសៅរ៍-អាទិត្យ ១២-១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
តាមរយៈបុណ្យផ្កាប្រាក់សាមគ្គីនេះ ព្រះមហា តែម ម៉ាច តំណាងព្រះទេវត្ថា ពឿយ មេត្តា ចៅអធិការវត្តទាំង៨ ដែនដីពុទ្ធភូមិនេប៉ាល់-ឥណ្ឌា បានមានថេរៈដិកា អំពាវនាវដល់ពុទ្ឋបរិស័ទ ចូលរួមដើម្បីចាប់មគ្គផល ដើម្បីជាកុសលក្នុងបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ នៅវត្តខ្មែរលុម្ពិនី ភូមិលុម្ពិនី ស្រុករូបប៉ិនដេល្លី ភាគខាងត្បូង នៃប្រទេសនេប៉ាល់ ។
ព្រះអង្គសូមអំពាវនាវដល់ពុទ្ឋបរិស័ទទាំងអស់ ដែលមានបំណងទៅកាន់វត្តខ្មែរលុម្ពិនី សូមទាក់ទងនៅកុដិលេខ៣៥ នៅវត្តបុទុមវត្តី ឬទំនាក់ទំនង តាមលេខ ទូរស័ព្ទ ០១៧ ២៩៣០៥៩ និងលេខ ០១៧ ៤៧៤៧៤២។
គួររំលឹកដែរថា កម្មវិធីបុណ្យប្រារព្ឋធ្វើ៤ថ្ងៃ ៣យប់ ដោយចាប់ផ្តើមពីថ្ងៃច័ន្ទ ១២-១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦-២៨ ខែកុម្ភៈ គ.ស ២០១៨ ។
ក្នុងការរៀបចំបុណ្យបញ្ចុះសីមានេះ មានការអញ្ជើញជាអធិបតី ពីលោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ ។
ដូច្នេះបើពុទ្ឋបរិស័ទមានបំណងចូលរួម ក្នុងពិធីបញ្ចុះខណ្ឌសីមាជាប្រវត្តិសាស្ត្រលើទឹកដី ពុទ្ឋភូមិ កន្លែងព្រះអង្គប្រសូត្រ សូមនិមន្ត អញ្ជើញចុះព្រះនាម ចុះឈ្មោះ ចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ និងចេញដំណើរពីថ្ងៃទី២១ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៨។ សូមទំនាក់ទំនងតាមលេខ ទូរស័ព្ទ ០១៧ ២៩៣០៥៩ និងលេខ ០១៧ ៤៧៤៧៤២៕