(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា ទន្ទឹមនឹងការសម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួន កងរាជអាវុធហត្ថបានខិតខំប្រឹងប្រែងពុះពារ គ្រប់ការលំបាកកសាងហេដ្ឋារចនាសម្ព័ន្ធ ចាប់ពីផ្ទៃប្រទេស ដល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្នាក់ការ ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងការអភិវឌ្ឍប្រទេសជាតិ។
បើតាមនាយឧត្តមសេនីយ៍ សៅ សុខា នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមានសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយល្អ និងរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កងរាជអាវុធហត្ថបានចូលរួមចំណែកក្នុងការការពារសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសទទួលបាននូវទំនុកចិត្តពី សំណាក់រាជរដ្ឋាភិបាល និងសេចក្តីស្រលាញ់ពីប្រជាពលរដ្ឋ។
ជាក់ស្តែងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋាន ក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ សៅ សុខា និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់ លោក ជានាយទាហាន នាយនគរបាល មន្ត្រីរាជការជុំវិញខេត្ត។
អគារសេនាធិការដ្ឋានមានទំហំបណ្តោយ៥៦ម៉ែត្រ ទទឹង១១ម៉ែត្រ កម្ពស់៣ជាន់ ចំណាយថវិកាសរុបចំនួន៥៤៨,០០០ដុល្លារ ក្នុងនោះនាយឧត្តមសេនីយ៍ សៅ សុខា បានឧបត្ថម្ភថវិកាចំនួន១០០,០០០ដុល្លារ។ តាមការសិក្សាលម្អិត របស់វិស្វករបច្ចេកទេសជំនាញ ការសាងសង់ត្រូវចំណាយរយៈពេលចំនួន១៦ខែ៕