(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពយ៉ាងសាហាវព្រៃផ្សៃ ដោយប្រើកាំបិទប៉័ងតោកាប់ប្រហារ ទៅលើប្អូនជីដូនមួយរបស់ខ្លួន ចំនួន១២កាំបិត បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ដោយសារតែរឿងសុំលុយចំនួន២០ដុល្លារមិនបាន ដើម្បីយកទៅទិញគ្រឿងញៀនប្រើប្រាស់ ហើយរត់គេចខ្លួន ទៅជ្រកកោននៅឯប្រទេសឡាវ ជាង១ឆ្នាំមកហើយនោះ នៅពេលនេះ ត្រូវបានកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខេត្តបាត់ដំបង ចាប់ខ្លួនបានហើយ។
ហេតុការណ៍ដ៏អាក្រក់នេះ បានបង្កឲ្យរន្ធត់នៅត្រង់ចំណុចផ្ទះលរខ១១E៣Z លើផ្លូវលេខ១៤០ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ។
ប្រតិបត្តិការតាមចាប់ជនដៃដល់រូបនេះ បានកើតឡើងនៅពេលនាយឧត្តមសេនីយ៍ លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាឲ្យស្នងការរងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី សុង លី និងលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាំយកដីកាបង្គាប់ ឲ្យចាប់ខ្លួនលេខ៤០៥ «ឃ» ដ.ច.ណ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ និងដីកានិវេទន៍ក្រហម តាមចាប់ខ្លួននៅបរទេស ដែលចេញដោយលោក សាយ សារុន ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
នៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៍ឯក ប៊ុន សត្យា បានថ្លែងថា ក្រោយទទួលបញ្ជាពីថ្នាក់ដឹកនាំ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចសហការ ស្រាវជ្រាវកំណត់នូវមុខសញ្ញាតាំងពីរាជធានីភ្នំពេញ រហូតដល់ក្បែរបេនឡានជាប់ព្រំដែនប្រទេសថៃ ក្នុងច្រកដួងភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ទើបចាប់ខ្លួនជនសង្ស័យបានតែម្ដង។ លោកបានប្រដូចពាក្យចាស់បុរាណមួយឃ្លាថា «កុកភ្លេចជង់ តែជង់មិនដែលភ្លេចកុកឡើយ»។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហេង បញ្ញា ហៅ អេង បញ្ញា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥២ E២ ផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា បានសម្លាប់ជនរងគ្រោះជាប្អូនជីដូនមួយឈ្មោះ អេង ម៉េងឃាង ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិត។
នាយការិយាល័យដដែល បានបញ្ជាក់ទៀតថា គ្រប់បទល្មើសព្រហ្មទណ្ឌ ដែលកើតមានឡើងទាំងអស់ សមត្ថកិច្ចតែងតែយកចិត្តទុកដាក់ធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនល្មើស យកមកផ្ដន្ទាទោសតាមច្បាប់ ដោយមិនបានទុកសំណុំរឿងចោល ឥតចាត់ការនោះឡើយ និងសំណូមពរឲ្យមហាជន ប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានអំពីបទល្មើសផ្សេងៗ ដែលកើតមាន ដើម្បីឈានទៅដល់ការបង្ក្រាបទាន់ពេលវេលា៕
នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៍ឯក ប៊ុន សត្យា ដឹកនាំកម្លាំងចុះទៅចាប់ខ្លួនជនដៃដល់ នៅខេត្តបាត់ដំបង