(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅពេលធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យអាវុធជាតិផ្ទុះដោយឃាត់បានជនសង្ស័យ២នាក់ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ក្រោយមកបានបន្ដស្រាវជ្រាវតាមចាប់បក្ខពួក៤នាក់ នៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។
សម្រាប់ប្រតិបត្តិការមួយនេះ មានមន្ដ្រីនគរបាលបានទទួលគ្រោះថ្នាក់ និងរបួស និងមានការបាញ់តបតរវាងកម្លាំងនគរបាល និងក្រុមជនសង្ស័យ ខណៈដែលបង្ក្រាបក្រុមជនសង្ស័យ ជួញដូរគ្រឿងញៀនយ៉ាងសកម្មផងដែរ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ អំពីដំណើរការនៃប្រតិបត្តិការយ៉ាងដូច្នេះថា ថ្ងៃទី០៩ ខែមករា នៅចំណុចភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ កម្លាំងជំនាញចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ឈ្មោះ ម៉ាន រ៉សាត អាយុ៣៩ឆ្នាំ និងឈ្មោះ ម៉ាត់ រ៉សាត អាយុ៣៩ឆ្នាំ ដកហូតបាន ម្សៅក្រាមពណ៌សចំនួន០៥កញ្ចប់ ទូរស័ព្ទដៃ០១គ្រឿង ម៉ូតូ០២គ្រឿង ជញ្ជីងអេឡិចត្រូនិច ចំនួន០១គ្រឿង និងឧបករណ៍សេពមួយសម្រាប់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ និងបន្តកិច្ចប្រតិបត្តិការ ដោយមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម សហការជាមួយនគរបាលខេត្តក្រចេះ ដើម្បីបន្តកិច្ចប្រតិបត្តិការលុះមកដល់ថ្ងៃទី១១ ខែមករាម្សិលមិញ នៅចំណុចភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូង បានធ្វើការឃាត់ខ្លួនសង្ស័យចំនួន០៤នាក់ទៀត។
ដោយជនសង្ស័យទី១៖ឈ្មោះ ទិត សេងហុង ហៅពេជ្រ អាយុ៣១ឆ្នាំ, ទី២៖ឈ្មោះ ទិត ចាន់ភ័ក្រ អាយុ២១ឆ្នាំ, ទី៣៖ឈ្មោះ ថូ ចាន់ប៉េង អាយុ៣១ រស់នៅភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូង និងទី៤៖ឈ្មោះ កៃ ហឺត អាយុ២១ឆ្នាំ នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌សចំនួន០២កញ្ចប់ធំ ម៉ូតូចំនួន០២គ្រឿង ទូរស័ព្ទ១០គ្រឿង ដាវ០២ដើម ជញ្ជីងអេឡិចត្រូនិច០១គ្រឿង ឧបករណ៍សេពមួយសម្រាប់។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនក្រុមគ្រឿងញៀនទាំង៦នាក់នេះ ទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់៕