(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ បានប្រកាសបង្កើត និងអនុវត្តមូលនិធិត្រីចក្រយាន (ស៊ីក្លូ) ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ តទៅ។
ការប្រកាសឱ្យបង្កើត និងអនុវត្តមូលនិធិស៊ីក្លូនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨នេះ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។
មូលនិធិស៊ីក្លូ ត្រូវបានប្រកាសសម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ដើម្បីជួយទ្រទ្រង់ដល់អាជីពធាក់ស៊ីក្លូនេះ។ មូលនិធិនេះ សម្តេចនាយករដ្ឋមន្ត្រី ប្រកាសដាក់ថវិកាផ្ទាល់របស់សម្តេចជំហានដំបូងប្រមាណ ១០០លានរៀល ហើយនឹងដាក់ប្រចាំខែប្រមាណ ១០លានរៀលបន្ថែមទៀត។ សម្តេចថែមទាំងបានអំពាវនាវឲ្យសាធារណជន ចូលរួមផ្តល់ថវិកា សម្រាប់ទ្រទ្រង់ដល់មូលនិធិនេះ ផងដែរ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ការបង្កើតមូលនិធិនេះ មិនត្រឹមតែជួយដល់ការរស់នៅរបស់បងប្អូនអ្នកស៊ីក្លូប៉ុណ្ណោះទេ តែក៏ជាការចូលរួមចំណែក ជួយអភិរក្សស៊ីក្លូដែលជាយានអត្តសញ្ញាណរបស់ខ្មែរតាំងពីសម័យបារាំងថែមទៀតផង។
ទាំងអ្នកធាក់ស៊ីក្លូ និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សុទ្ធតែបង្ហាញការគាំទ្រសម្រាប់ការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន។ បងប្អូនអ្នកធាក់ស៊ីក្លូ បានសម្តែងការរីករាយខ្លាំង ហើយបានហៅចំណាត់ការទាំងអស់នេះ គឺជួយដល់ជីវភាពរបស់គាត់ផង ហើយក៏ជួយឲ្យស៊ីក្លូបន្តមានវត្តមាន នៅក្នុងប្រទេសកម្ពុជាផងដែរ។
បន្ថែមពីលើនេះ បងប្អូនអ្នកធាក់ស៊ីក្លូ កំពុងជួបការលំបាកក្នុងស្នាក់អាស្រ័យពេលរាត្រី ដែលភាគច្រើនដេក តាមសំយ៉ាបផ្ទះគេនោះ ក៏ចង់បានអគារសម្រាប់ស្នាក់ នៅពេលរាត្រីឲ្យបានសមរម្យផងដែរ។
សូមបញ្ជាក់ថា ក្រៅពីបង្កើតមូលនិធិស៊ីក្លូ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឲ្យបងប្អូន អ្នកប្រកបរបរ ធាក់ស៊ីក្លូទាំងអស់ អាចចូលព្យាបាលជំងឺ និងពិនិត្យជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃថែមទៀត៕