(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានធ្វើការបញ្ជាដាច់ណាត់ចំពោះមន្រ្តីទទួលខុសត្រូវទាំងអស់ ទូទាំងខេត្តមណ្ឌលគិរី ត្រូវពិនិត្យស្រាវជ្រាវរាល់បទល្មើស ដែលអាចកើតមានក្នុងតំបន់គ្រប់គ្រងរបស់ផងខ្លួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់លើករណីនេះ។
លោកអភិបាលខេត្ត បានថ្លែងសង្កត់ធ្ងន់ចំពោះមន្រ្តីៗ មេអង្គភាពទូទាំងខេត្តដូចជា មន្ទីរកសិកម្ម មន្ទីរបរិស្ថាន ខណ្ឌរដ្ឋបាលព្រៃឈើ មន្រ្តីគ្រប់គ្រងដែនជម្រកសត្វព្រៃ មេៗអង្គភាពកងកម្លាំង ប្រដាប់អាវុធទាំង៣មាន បញ្ជាការដ្ឋានអាវុធហត្ថខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានយោធាខេត្ត និងតាមច្រកទ្វារទ្វេភាគីទាំងបី និងមន្រ្តីឈរជើងនៅតាមព្រំដែន ត្រូវរួមគ្នាសហការគ្នាធ្វើការជំរុញ បង្កើនការបង្កា បង្រ្កាបទប់ស្កាត់បទល្មើសដូចជា បទល្មើសព្រៃឈើ សត្វព្រៃ និងបទល្មើសផ្សេងៗ ដែលក្រុមជនខិលខូចលួចដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់ ហើយការទប់ស្កាត់ បង្រ្កាបនោះសុំឲ្យមានប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់។
ការថ្លែងបែបនេះរបស់ អភិបាលខេត្តមណ្ឌលគិរី ទៅកាន់មន្រ្តីគ្រាក់ៗទូទាំងខេត្ត គឺធ្វើឡើងនៅដើមសប្តាហ៍ទី២ ក្នុងឆ្នាំ២០១៨នេះ ហើយប្រជុំដាក់ផែនការខាងលើនេះ គឺលោកត្រូវបានប្រជុំណែនាំជាប្រចាំ និងញឹកញាប់ ប៉ុន្តែពេលនេះលោកបានដាក់ផែនការយ៉ាងដាច់ណាត់ ចំពោះការកើតមានបទល្មើស នៅតំបន់ដែលមន្រ្តីរូបណាគ្រប់គ្រង គឺមន្រ្តីនោះឯងជាអ្នកទទួលខុសត្រូវហើយលោក នឹងចាត់វិធានការតាមរដ្ឋបាលដល់មន្រ្តីនោះហើយ។
ទន្ទឹមគ្នានោះ លោក ស្វាយ សំអ៊ាង បានសំដែងនូវការកោតសរសើរ ចំពោះមន្រ្តីជំនាញទាំងអស់ ព្រមទាំងអង្គភាពកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទក្នុងខេត្តមណ្ឌលគិរី ដែលមានស្នាដៃល្អ ក្នុងការរួមសហការគ្នាល្អរាល់ការទប់ស្កាត់បទល្មើសផ្សេងៗ កន្លងមកបានកើតឡើងនៅក្នុងតំបន់ប្រកបដោយភាពជោគជ័យច្រើនដើម្បីរក្សាសន្តិសុខជូនប្រជាជន និងសង្គម៕