(ភ្នំពេញ)៖ បុរស២នាក់ ដែលត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនក្រោយបោកលុយកក់៥ម៉ឺនដុល្លារ ពីអ្នកទិញដីនៅខេត្តកំពត តែតាមការពិតគ្មានដីលក់ឲ្យសោះ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ ត្រូវបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
បើតាមលោក ជីវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ការចាប់ខ្លួនជនឆបោកទាំង២នាក់នេះ ធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លូនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលជនរងគ្រោះជាដើមបណ្តឹងបានដាក់បណ្តឹង។
បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១៖ឈ្មោះ ស៊ុន សៀន អាយុ៤៨ឆ្នាំ ទីលំនៅផ្ទះលេខ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២៖ឈ្មោះ ហេង សាន អាយុ៤៥ឆ្នាំ ទីលំនៅផ្ទះលេខ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
បើតាមសមត្ថកិច្ច កាលពីអំឡុងឆ្នាំ២០១៣ បុរសទាំង២នាក់ខាងលើបាន ឆបោកប្រាក់កក់របស់ដើមបណ្តឹងចំនួន៥០,០០០ដុល្លារ យកទៅទិញដីចំនួន៦០០០ហិកតា នៅក្នុងខេត្តកំពត តែទីបំផុតត្រូវដើមបណ្តឹងទៅតុលាការ និងឱ្យសមត្ថកិច្ចចាប់ខ្លួនព្រោះតែគ្មានដីឱ្យម្ចាស់លុយគេ៕