(ភ្នំពេញ)៖ វិទ្យាស្ថានវីឌីស៊ី (WiDcy) និងវិទ្យាស្ថានពាណិជ្ជក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃ១១រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ បានចុះអនុស្សារណៈយោគយល់ជាមួយគ្នា ដើម្បីពង្រីកការបណ្តុះបណ្តាល និងអប់រំដល់និស្សិតកម្ពុជា។
ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងរវាង លោក រៃ គិមហ៊ាន់ នាយកវិទ្យាស្ថានវីឌីស៊ី ជាមួយលោក Chen Jianfeng នាយករងវិទ្យាស្ថានពាណិជ្ជកម្មសៀងហៃ ដោយមានការសម្របសម្រួលពីលោកបណ្ឌិត ជា មុនីឫទ្ធិ អនុប្រធានកិត្តិយសវិទ្យាស្ថានវីឌីស៊ី។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានថ្លែងថា ការចុះអនុស្សារណៈយោគយល់គ្នា ក្នុងគោលបំណងទាក់ទាញលំហូរ នៃការវិនិយោគរបស់ចិន លើវិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈក្នុងវិទ្យាស្ថានវីឌីស៊ី។
លើសពីនោះទៀត គឺជាឱកាសក្នុងការផ្លាស់ប្តូរបទពិសោធន៍ ធនធានមនុស្ស សាស្រ្តាចារ្យ និងសិស្ស-និស្សិត រវាងភាគីវិទ្យាស្ថានទាំងពីរ ដើម្បីជំរុញនិស្សិតឲទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន និងទទួលបានបច្ចេកវិទ្យាទំនើបៗ ធនធានមនុស្សពីវិទ្យាស្ថានពាណិជ្ជកម្មក្រុងសៀងហៃ មកបណ្តុះបណ្តាលនៅវិទ្យាស្ថានវីឌីស៊ី ដើម្បីឲ្យសិស្ស-និស្សិតទទួលបានគុណភាព និងប្រសិទ្ធភាពខ្ពស់ថែមទៀត។
បើតាមលោក ជា មុនីរទ្ធិ ការចាប់ដៃដើម្បីពង្រឹងការអប់រំនៃវិទ្យាស្ថានទាំងពីរ ក៏ជាគាំទ្រ និងអនុវត្តន៍តាមខ្លឹមសារនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី ២ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន៕