(ភ្នំពេញ)៖ ប្រជាជនកម្ពុជា នៅពេលដ៏ឆាប់ៗខាងមុខនេះ នឹងអាចទទួលបានអត្ថប្រយោជន៍ ពីសេវាជំនាញវេជ្ជសាស្រ្តទំនើប របស់ប្រទេសសិង្ហបុរី ដែលនឹងផ្ដល់ជូននៅរាជធានីភ្នំពេញ បន្ទាប់ពីមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី (SGMC) ។
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី បានប្រកាសថា ខ្លួននឹងបើកមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងសុខាភិបាល ក្នុងរាជធានីភ្នំពេញ នៅឯអគារ ឌឹ ប្រ៊ីជ (The Bridge) ដោយផ្តោតទៅលើការត្រួតពិនិត្យបង្កាបញ្ហាសុខភាពយ៉ាងទូលំទូលាយ ដូចជាសុខុមាលភាពរាងកាយទាំងមូល ការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ ការវះកាត់ទូទៅ និងការព្យាបាលកែសម្ផស្ស ។
ក្រុមវេជ្ជបណ្ឌិតរបស់ SGMC និងគ្រូពេទ្យនានាសុទ្ធសឹងជាគ្រូពេទ្យឯកទេសមកពីប្រទេសសិង្ហបុរី បន្ថែមពីនេះនឹងមានគ្រូពេទ្យធ្វើទស្សនកិច្ចមកពីប្រទេសថៃ និងសហរដ្ឋអាមេរិកផងដែរ។
មានទីតាំងនៅជិតតំបន់អភិវឌ្ឍន៍កោះពេជ្រ តំបន់ទេសចរណ៍ និងវប្បធម៌ដែលកំពុងមានការទាក់ទាញ សេវាកម្មនៅឯមជ្ឈមណ្ឌល SGMC នឹងចាប់ផ្តើមដំណើរការនៅត្រីមាសទី ៣ ក្នុងឆ្នាំ ២០១៨នេះ។ មជ្ឈមណ្ឌលនេះនឹងក្លាយជាទីតាំងដំបូងបំផុតនៅកម្ពុជា ដែលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង DrMAP (ដំណើរការអនុវត្តវេជ្ជសាស្រ្ត) ដើម្បីធានាឲ្យបាននូវតម្លាភាព ក្រមសីលធម៌វិជ្ជាជីវៈ បដិរូបកម្ម និងឯកជនភាព។
លោកនាយក អ៊ែនថូនី ជូដ តាន់ (Anthony Jude Tan) បានពន្យល់ថា៖ «DrMAP មានសមត្ថភាពក្នុងការរៀបចំ ការធ្វើលទ្ធកម្ម និងគ្រប់គ្រងដំណើរការ ដើម្បីជួយដល់អ្នកជំងឺ គ្រូពេទ្យ អ្នកប្រើប្រាស់សេវា និងអ្នកផ្ដល់វិជ្ជាពេទ្យ ក្នុងការលើកកម្ពស់មូលដ្ឋានពហុមុខងារប្រកបដោយគុណភាព និងសេវាថែទាំសុខភាពដែលគួរឲ្យទុកចិត្តបាន។ ប្រព័ន្ធ DrMap នេះ គឺកំពុងត្រូវបានអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន ដូចជាប្រទេសចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ីជាដើម»។
តំណាងមកពីក្រុមប្រឹក្សាភិបាលរបស់ SGMC បានលើកឡើងពីសារៈសំខាន់ នៃការពិនិត្រសុខភាពជាប្រចាំរបស់មនុស្សម្នាក់ៗ ដើម្បីធានាឲ្យបាននូវជីវិតរស់នៅប្រកបដោយគុណភាពខ្ពស់ និងអាយុយឺនយូរ។
លោកវេជ្ជបណ្ឌិត ម៉ាក ហ្គដុន (Mark Gordon) គ្រូពេទ្យឯកទេសផ្នែកក្រពេញអ័រម៉ូន (Interventional Endocrinology) បានថ្លែងថា៖ «មូលដ្ឋានគ្រឹះចម្បង របស់ SGMC គឺផ្អែកលើឆន្ទៈរបស់ខ្លួន ដែលមិនត្រឹមតែព្យាបាល និងធ្វើរោគវិនិច្ឆ័យជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឲ្យអ្នកជំងឺនូវសមត្ថភាព ក្នុងការទទួលបាននូវសុខភាពល្អប្រពៃ និងសុខុមាលភាពល្អបំផុតផងដែរ»។
គ្រូពេទ្យឯកទេសមហារីកសុដន់ មកពីសិង្ហបុរី លោកស្រីវេជ្ជបណ្ឌិត Felicia Tan ក៏បានគូសបញ្ជាក់អំពីតម្រូវការចាំបាច់សម្រាប់ស្រ្តីនៅកម្ពុជា ដែលចង់បានមន្ទីរព្យាបាលមួយ ដែលពួកគេមានអារម្មណ៍ថាទទួលបានសុខសុវត្ថិភាព ស្របពេលដែលពួកគាត់ទទួលបានការព្យាបាល និងការពិគ្រោះយោបល់ត្រូវជំនាញផងដែរ។ លោកស្រីវេជ្ជបណ្ឌិត បានថ្លែងថា៖ «ជារឿយៗ ស្រ្តីនៅជុំវិញពិភពលោក តែងតែគេចវេសមិនចង់ជួបអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ដោយសារតែនីតិវិធីសាំញ៉ាំជាច្រើន ។កត្តានេះហើយ ជាហេតុដែល SGMC នឹងព្យាយាមស្វែងរកដោះស្រាយ ឲ្យពួកគាត់ក្នុងប្រទេសកម្ពុជា។ យើងមានទំនុកចិត្តថាស្រ្តីជាច្រើន នឹងទទួលបានសេវាថែទាំ និងការគាំទ្រសុខភាព ល្អបំផុត ក្នុងបរិយាកាសមួយដែលពួកគេមានអារម្មណ៍សុវត្ថិភាពផ្លូវចិត្ត»។
នៅថ្ងៃនោះដែរ ក្រុមប្រឹក្សាភិបាល SGMC បានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលនៃក្តីសង្ឃឹម នៃមន្ទីរពេទ្យព្រះសីហនុ ហើយបានជួបជាមួយបុគ្គលិកមន្ទីរពេទ្យក្នុងស្រុក ដើម្បីស្វែងយល់អំពីតម្រូវការវេជ្ជសាស្រ្តជាក់លាក់ របស់កម្ពុជា ហើយនិងដើម្បីស្វែងយល់ថាតើ SGMC អាចជួយបំពេញបន្ថែមដូចម្តេចខ្លះ ដល់ឧស្សាហកម្មសុខាភិបាលរបស់ប្រទេសកម្ពុជា។
សេវាធ្វើរោគវិនិច្ឆ័យ ប្រើប្រាស់ម៉ាស៊ីនចុងក្រោយបង្អស់ ដែលនឹងរួមបញ្ចូលទាំងម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនថតពិនិត្យសុដន់ ម៉ាស៊ីនស្កែនដងខ្លួន (CT) ម៉ាស៊ីនថតដង់ស៊ីតេឆ្អឹង និងប្រព័ន្ធអ៊ុលត្រាសោន ខណៈពេលដែលការពិនិត្យព្យាបាលសុខុមាលភាពវិញ នឹងមានដូចជា ការព្យាបាលដោយគេងស្អំខ្សាច់ ការព្យាបាលតាមឧស្ម័នអូហ្សូន ការពង្រឹងសុខភាពផ្លូវភេទ និងឱសថសម្រាប់កីឡាផងដែរ៕