(ភ្នំពេញ)៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច បញ្ចូលក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិចំនួន១០៥រូប ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានថ្លែងថា អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវបានផ្តើមចេញពីការបង្កើតនាយកដ្ឋានសវនកម្មផ្ទៃក្នុង តាមអនុក្រឹត្យលេខ២២ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០០៦ របស់រាជរដ្ឋាភិបាលកម្ពុជា។ នាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវទទួលបាននូវការជឿទុកចិត្តពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យវែងឆ្ងាយ បានយល់ឃើញថា ប្រកបដោយគតិបណ្ឌិត អង្គភាពនេះមានដែនសមត្ថកិច្ចទូលំទូលាយ ក្នុងការពង្រឹងប្រសិទ្ធភាពស្ថាប័នក្នុងការគ្រប់គ្រងបញ្ជីបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ មាន២៥រដ្ឋបាលរាជធានី-ខេត្ត ១៩៧ខណ្ឌ ក្រុង ស្រុក និង១៦៤៦ឃុំ សង្កាត់ រួមទាំងផ្នែកសន្តិសុខសាធារណៈ និងពន្ធនាគារ មណ្ឌលអប់រំកែប្រែផងដែរ ទើបត្រូវបានអនុញ្ញាតអភិវឌ្ឍទៅជាអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តាមអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺជាស្ថាប័នសវនកម្ម ស្ថិតក្រោមរចនាសម្ព័ន្ធ ក្រសួងមហាផ្ទៃ ដែលមានចក្ចុវិស័យជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារសវនកម្មផ្ទៃក្នុង និងអភិបាលកិច្ចល្អ សមត្ថភាពស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ និងពង្រឹងសមត្ថភាពដល់មន្ត្រីក្រោមឱវាទ ឱ្យទទួលបានចំណេះដឹងគ្រប់គ្រាន់ ដើម្បីបំពេញការងារជូនអង្គភាពឱ្យទទួលបានប្រសិទ្ធភាព និងជោគជ័យ សំដៅរួមចំណែកពង្រឹង វិស័យសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានដាក់ចេញនូវទិសដៅមួយចំនួនដូចខាងក្រោម៖
១៖ ខិតខំចូលរួមការពាររដ្ឋធម្មនុញ្ញ ការពារឯករាជ្យ អធិបតេយ្យជាតិដ៏ពេញលេញ នៃព្រះរាជាណាចក្រកម្ពុជា ការពារ និងធានាឱ្យបាននូវប្រក្រតីភាព នៃស្ថាប័នជាតិ រដ្ឋបាល សាធារណៈគ្រប់ថ្នាក់ និងបន្តលើកកម្ពស់ដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា
២៖ ពង្រឹងការគ្រប់គ្រង អភិបាលកិច្ចល្អ ការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពមន្រ្តី នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
៣៖ ពង្រីកវិសាលភាព នៃការធ្វើសវនកម្មទាំងផ្នែករដ្ឋបាលស៊ីវិល និងផ្នែកសន្តិសុខសាធារណៈ ចាប់ពីរដ្ឋបាលរាជធានី-ខេត្ត ខណ្ឌ-ក្រុង-ស្រុក ឃុំ-សង្កាត់ ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត អធិការដ្ឋាននគរបាលខណ្ឌ-ក្រុង-ស្រុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ព្រមទាំងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស ប៉ុស្តិ៍ច្រកទ្វារព្រំដែន ច្រកទ្វារព្រំដែនអន្តរជាតិ និងសាលាភូមិភាគនគរបាលជាតិ ដើម្បីជួយដល់អង្គភាព និងមន្រ្តីនៅតាមបណ្តាមូលដ្ឋាន ឱ្យអនុវត្តការងារទទួលបានប្រសិទ្ធភាព និងជួយដល់ការចំណាយថវិការដ្ឋឱ្យចំគោលដៅ ដែលជាការរួមចំណែកគាំទ្រ ដល់ដំណើរការកំណែទម្រង់វិម្ឈការ វិសហមជ្ឈការនៅមូលដ្ឋានក្រោមជាតិ និងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
៤៖ ធ្វើការវិភាគមុខងារ កំណត់ក្របខ័ណ្ឌ និងកែសម្រួលរចនាសម្ព័ន្ធ ចាត់តាំងចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើម្បីបានសមស្រមភារកិច្ចរបស់អគ្គនាយកដ្ឋាន។
៥៖ កិច្ចការសំខាន់ផ្សេងៗទៀតតាមការចង្អុលដឹកនាំរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ ចាន់ អ៊ាន បានកោតសរសើរចំពោះ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងកម្លាំងនគរបាលជាតិ ដែលកន្លងមកបានខិតខំបំពេញភារកិច្ច សម្រេចបាននូវស្នាដៃធំៗជាច្រើន តាមរយៈការអនុវត្តដោយការទទួលខុសត្រូវ និងឈ្លាសវៃ នូវបណ្ដាគោលការណ៍ វិធានការ និងទិសដៅផែនការ ទាំងឡាយដែល រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានដាក់ចេញប្រកបដោយជោគជ័យបានល្អប្រសើរ។
នាយឧត្តមសេនីយ៍ បានផ្តាំទៅមន្រ្តីទាំងអស់មិនត្រូវយកតួនាទី និងឋានន្តរស័ក្តិនេះ ទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬប្រព្រឹត្តអំពើល្មើសផ្សេងៗផ្ទុយនឹងច្បាប់នោះឡើយ។ មន្រ្តីទាំងអស់ត្រូវអនុវត្ត៖ ១-យើងជាកងកម្លាំងនគរបាលជាតិ ប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, ២-អនុវត្តឱ្យបានពេញលេញនូវការងារជាសេនាធិការ ជូនរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លើការងារសវនកម្មផ្ទៃក្នុង និងអភិបាលកិច្ចល្អ ដើម្បីពង្រឹងប្រសិទ្ធភាព និងសុចរិតភាព នៃការគ្រប់គ្រងបញ្ជីបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កា
រគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍសមត្ថភាពស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ព្រមទាំងពង្រឹងសមត្ថភាព ដល់មន្ត្រីឱ្យទទួលបានចំណេះដឹងគ្រប់គ្រាន់ ដើម្បីបំពេញការងារជូនអង្គភាព ឱ្យទទួលបានប្រសិទ្ធភាព និងជោគជ័យ, ៣-គ្រប់ថ្នាក់គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងកម្លាំង ឱ្យបានល្អប្រកបដោយគុណធម៌ និងតម្លាភាពដោយត្រូវពង្រឹងឱ្យ បានច្បាស់លាស់នូវវត្តមានធ្វើការ របស់មន្ត្រីឱ្យបានត្រឹមត្រូវ តាមពេលម៉ោងរដ្ឋបាលបានកំណត់ ដើម្បីពង្រឹងទិន្នផលការងារក្នុងជួរកងកម្លាំងនគរបាលឱ្យកាន់តែទទួលបានលទ្ធផលខ្ពស់ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ,
៤-បន្តពង្រីកវិសាលភាព នៃការធ្វើសវនកម្មទាំងផ្នែករដ្ឋបាលស៊ីវិល និងផ្នែកសន្តិសុខ សាធារណៈ ចាប់ពីរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្រុង-ស្រុក ឆ្ពោះទៅដល់រដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ ដើម្បីជួយដល់អង្គភាព និងមន្រ្តីនៅតាមបណ្តាមូលដ្ឋានឱ្យអនុវត្តការងារទទួលបានប្រសិទ្ធភាព និងជួយដល់ការចំណាយថវិការដ្ឋឱ្យចំគោលដៅ៕