(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ហៅកាត់ថា JICA បានចេញផែនការជំហានទី៣ ដោយគ្រោងបញ្ជូនអ្នកដឹកនាំកម្ពុជាវ័យក្មេងកម្ពុជា១៤រូបទៀត ដែលជា មន្រ្តីរាជការ នៃស្តីទីក្រសួងមហាផ្ទៃថ្នាក់ក្រោមជាតិ នឹងត្រូវចូលរួមកម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំវ័យក្មេង ក្រោមប្រធានបទ «អភិបាលកិច្ចមូលដ្ឋានដែលរៀបចំឡើង ដោយ JICA រយៈពេល២សប្តាហ៍នៅប្រទេសជប៉ុន។ គម្រោងបញ្ជូនអ្នកដឹកនាំកម្ពុជា វ័យក្មេងកម្ពុជា១៤រូបនាពេលនេះ បានធ្វើឡើង បន្ទាប់ពី JICA បាន បញ្ជូនក្រុមទី១ មានចំនួន១៤រូប និងក្រុមទី២ មានចំនួន១៤រូប ទៅចូលរួមវគ្គបណ្តុះបណ្តាលលើប្រធានបទផ្សេងៗគ្នា កាលពីឆ្នាំ២០១៧កន្លងមកនេះ។
ជាមួយគ្នានោះ JICA នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ ក៏បានរៀបចំសិក្ខាសាលាតម្រង់ទិសមុនពេលដំណើរ «កម្មវិធីបណ្តុះបណ្តាល សម្រាប់អ្នកដឹកនាំវ័យក្មេងឆ្នាំ២០១៧» នៅសណ្ឋាគារសាន់វេ ដោយមានការចូលរួមពី លោក លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ, លោក Miura Junichi អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងសិក្ខាកាមទាំង១៤រូប មកពីតាមបណ្តាខេត្តផងដែរ។
នៅក្នុងឱកាសនោះលោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានលើកឡើងថា នេះជាឱកាសពិសេសសម្រាប់មន្រ្តីរាជការកម្ពុជា នៅក្នុងសិក្សាស្វែងយល់បន្ថែមពីបទពិសោធន៍នៃការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាននៃប្រទេសជប៉ុន។
លោក ប្រាក់ សំអឿន បានផ្តាំផ្ញើជូនដល់មន្រ្តីកម្ពុជាទាំង១៤រូប ត្រូវខិតខំប្រើប្រាស់ឱកាសនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ តាមរយៈការចូលរួមនៅក្នុងកម្មវិធីនេះ ឲ្យបានពេញលេញ សកម្ម ប្រកបទៅដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ដើម្បីអាចប្រែក្លាយចំណេះដឹង និងបទពិសោធន៍ដែលយើងទទួលបាន ពីកម្មវិធីនេះ ឲ្យទៅជាមូលដ្ឋាន និងជាកម្លាំងចលករ ដើម្បីប្រែក្លាយចំណេះដឹង និងបទពិសោធន៍ដែលទទួលបានចូលរួម នៅក្នុងការកែលម្អការបំពេញការងារ និងជំរុញការងារ នៅក្នុងអង្គភាពរបស់ខ្លួន ពេលត្រលប់មកវិញ ជាពិសេសក្នុងការចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួនទៅដល់មន្រ្តី និងសហការីរបស់យើង។ លោកបន្តថា មន្រ្តីទាំង១៤នាក់ នឹងក្លាយជាធនធានមួយសម្រាប់ក្រសួងមហាផ្ទៃ ជាពិសេសសម្រាប់អគ្គនាយកដ្ឋានរដ្ឋបាល។
ជាមួយគ្នានោះ លោក ប្រាក់ សំអឿន ក៏បានថ្លែងអំណរគុណ លោក Miura Junichi អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា (JICA) ដែលបានរៀបចំសិក្ខាសាលាតម្រង់ទិសមុនចេញដំណើរនាពេលនេះ។ សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិក្ខាកាមកម្ពុជា ដើម្បីត្រៀមខ្លួន ទៅរស់នៅក្នុងប្រទេសជប៉ុន នាអំឡុងពេលទៅសិក្សារយៈពេល២សប្តាហ៍ខាងមុខនេះ។
លោក Miura Junichi អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា (JICA) បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំវ័យក្មេង គឺជាផ្នែកមួយនៃកម្មវិធីជំនួយសហប្រតិបត្តិការបច្ចេកទេសរបស់ JICA ដែលបានអនុវត្តតាំងពីថ្ងៃទី១៩៨៤ ក្នុងគោលបំណងផ្តល់ឱកាសដល់មន្រ្តីរាជការវ័យក្មេង ដើម្បីពង្រឹងចំណេះដឹង និងជំនាញក្នុងវិស័យការងាររបស់ខ្លួន តាមរយៈកម្មវិធីបណ្តុះបណ្តាលនៅប្រទេសជប៉ុន។
លោក Miura Junichi បានបន្ថែមថា កម្មវិធីបណ្តុះបណ្តាលនេះ បានរួមចំណែកលើកកម្ពស់ការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក និងរឹតចំណងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗក្នុងពិភពលោក។
លោកអនុប្រធានJICA ក៏បានបង្ហាញការសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ដ្មីនៅប្រទេសជប៉ុន តាមរយៈវគ្គបណ្តុះបណ្តាលនេះ។ អ្នកទាំងអស់គ្នា នឹងទទួលបានបទពិសោធន៍ល្អៗ សម្រាប់ខ្លួនផ្ទាល់ ព្រមទាំងសម្រាប់សហសេវិករបស់ខ្លួន នៅមូលដ្ឋានការងាររបស់ខ្លួន។ មិនតែប៉ុណ្ណោះ ចំណេះដឹង និងបទពិសោធន៍ថ្មីៗ អំពីអភិបាលកិច្ចមូលដ្ឋាននៅប្រទេសជប៉ុន ដើម្បីយកមកចែករំលែកដល់សហសេវិករបស់ខ្លួន នៅមូលដ្ឋានការងារក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាល ចាប់តាំងពីឆ្នាំ១៩៩៥ ដែលរហូតមកដល់ពេលនេះ មានមន្រ្តីវ័យក្មេងកម្ពុជា ១០៣៩នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលលើវិស័យផ្សេងៗ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល របស់JICA ក្នុងប្រទេសជប៉ុន។ ចំណែកឆ្នាំ២០១៧នេះ ប្រទេសកម្ពុជា ទទួលបានកូតាចំនួន៤២នាក់ (ចែកជា៣ក្រុម) សម្រាប់មន្រ្តីវ័យក្មេង ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលនេះ នៅប្រទេសជប៉ុន ក្នុងនោះ ក្រុមទី១ មានចំនួន១៤នាក់ បានទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅប្រទេសជប៉ុនរួចហើយ កាលពីថ្ងៃទី១១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ និងក្រុមទី២ ចំនួន១៤នាក់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលអំពីប្រតិបត្តិការ និងការគ្រប់គ្រងសុខភាពសហគមន៍នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅប្រទេសជប៉ុន ។ ចំណែកវគ្គចុងក្រោយ គឺ ក្រុមមន្រ្តីវ័យក្មេងនៃក្រសួងមហាផ្ទៃចំនួន១៤នាក់បន្ថែមទៀត នឹងត្រូវទៅចូលរួមវគ្គបណ្តុះបណ្តាលអំពីរដ្ឋបាល មូលដ្ឋាននៅប្រទេសជប៉ុន៕