(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានយុវជនអ្នកស្វែងរកការងារចំនួន១៥ នាក់បានជាប់ ការងារភ្លាមៗជាមួយក្រុមហ៊ុន Park Café នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខណៈ ដែលយុវជនទាំងនោះ បានចូលរួម នៅក្នុងកម្មវិធី «កិច្ចសម្ភាសន៍ការងារប្រចាំខែ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។

តាមរយៈការរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧%ក្នុងមួយឆ្នាំ កម្ពុជាកំពុងមានការរីកចម្រើនគ្រប់វិស័យ ជាពិសេសការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ កត្តានេះជំរុញឲ្យឱកាសការងារ និងតម្រូវការជ្រើសរើសបុគ្គលិក ក្នុងវិស័យនេះកាន់តែកើនឡើង។ ក្រុមហ៊ុន Park Café គឺជាក្រុមហ៊ុនក្នុងស្រុកមួយដែលវិនិយោគលើវិស័យសេវាកម្ម ក្នុងការបម្រើសេវាម្ហូបអាហារ។ ដោយសារមានការរីកចម្រើនជាបន្តបន្ទាប់ ក្រុមហ៊ុននេះត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់បន្ថែមទៀតដើម្បីបម្រើការក្នុងនៅសាខាហាងទាំង១១របស់ខ្លួន។

លោក ជា ពុទ្ធដាវ៉ាន់ ប្រធានគ្រប់គ្រងការបណ្តុះបណ្តាលនៅក្រុមហ៊ុន Park Café លើកឡើងថា នេះជាលើកទី៣ហើយដែលក្រុមហ៊ុនយើងចូលរួមក្នុងកម្មវិធីកិច្ចសម្ភាសន៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ។

លោកបានបន្ថែមថា «កម្មវិធីនេះ ពិតជាងាយស្រួល សន្សំពេលវេលា មិនអស់កម្រៃ ហើយពិសេសនោះអាចជ្រើសរើសបុគ្គលិកបានល្អៗ និងទាន់ពេលវេលា។ សម្រាប់កម្មវិធីព្រឹកមិញនេះ យើងបានសម្ភាសន៍ផ្ទាល់ជាមួយយុវជនអ្នកស្វែងរកការងារជាច្រើននាក់ ហើយជាលទ្ធផល យើងអាចជ្រើសរើសបានបេក្ខជនល្អៗចំនួន១៥នាក់ភ្លាមៗតែម្តង។ ដោយឡែក មានបេក្ខជនមួយចំនួនទៀត យើងនឹងពិចារណាបន្ថែម»។

លោក ជា ពុទ្ធដាវ៉ាន់ បន្តថា ក្រុមហ៊ុនរបស់លោកមានបុគ្គលិកចំនួន៣៥០នាក់ ក្នុងចំណោមនោះមានបុគ្គលិកប្រមាណជាង១០ភាគរយត្រូវបានជ្រើសរើសតាមរយៈ NEA ក្នុងវេទិកាការងារចំនួន២លើកកន្លងមក។

កម្មវិធីកិច្ចសម្ភាសប្រចាំខែនេះ គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសដល់សាធារណៈជន ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបានការងារកាន់តែងាយស្រួលចំណេញពេលវេលា និងនៅមួយកន្លែង។ កិច្ចសម្ភាសការងារនេះបានរួមចំណែកជួយពន្លឿនដំណើរការជ្រើសរើសបុគ្គលិករបស់ដល់និយោជកឲ្យបានជួប និងសម្ភាសផ្ទាល់ជាមួយអ្នកកំពុងស្វែងរកការងារធ្វើ។

កញ្ញា ឡា ម៉ូលីដា ដែលបានជាប់ការងារជាស្ថាពរក្នុងមុខតំណែងជាបុគ្គលិកផ្នែកសេវាកម្មនៅក្នុងក្រុមហ៊ុន Park Café នៅក្នុងកម្មវិធី ”កិច្ចសម្ភាសការងារ” នាព្រឹកមិញ បង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងដែលអាចរក បានការងារធ្វើល្អមួយបានក្នុងពេលតែមួយព្រឹក។ វាពិតជាលឿន និងងាយស្រួល។ ការងារថ្មីជាមួយក្រុមហ៊ុន Park Café នេះ មានលក្ខខណ្ឌល្អប្រសើរជាងការងារមុនរបស់ខ្ញុំ»។

សូមបញ្ជាក់ថា ទីភ្នាក់ជាតិមុខរបរ និងការងារ ជាទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលដែលមានតួនាទីភារកិច្ចក្នុងការផ្តល់៖ សេវាការងារ និងព័ត៌មានទីផ្សារការងារទូលំទូលាយជាងគេនៅព្រះរាជាណាចក្រកម្ពុជា។ ទីភ្នាក់ងារនេះត្រូវបានបង្កើតឡើងក្នុងទម្រង់ជាទីភ្នាក់ងារប្រតិបត្តិការពិសេសក្នុងឆ្នាំ២០០៩ ស្ថិតនៅក្រោមគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងមានស្នាក់ការកណ្តាលនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទីភ្នាក់ងារនេះ កំពុងផ្តល់សេវាការងារដោយឥតគិតកម្រៃជូនដល់សាធារណៈជនទូទៅ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ទំព័រ facebookneakhmer ឬគេហទំព័រ www.nea.gov.khនិងមជ្ឈមណ្ឌលការងារដែលជាអ្នកផ្តល់សេវាជួរមុខនៅតាមរាជធានី-ខេត្តចំនួន១១រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ និងព្រះសីហនុ៕