(ក្រចេះ)៖ នគរបាលជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀនខេត្តក្រចេះ សហការជាមួយកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឆ្លូង និងប៉ុសិ៍ដ នគរបាលរដ្ឋបាលឃុំហាន់ជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្នុងភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។

នគរបាលស្រុកឆ្លូង បានឲដឹងថា ជនសង្ស័យទាំង៤នាក់ ទី១៖ ឈ្មោះ ទិត្យ សេងហុង ភេទប្រុស អាយុ៣១ឆ្នាំ, ទី២៖ ឈ្មោះ ផូ ចាន់ម៉េង ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរជា ជាងដែក, ទី៣៖ ឈ្មោះ ទិត្យ ចាន់សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាជាងឡាន, ទី៤៖ ឈ្មោះ កៃ កហើត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម។ ជនសង្ស័យ ទាំង៤នាក់ មានទីលំនៅក្នុងភូមិហាន់ជ័យ៤ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

នគរបាល បន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ ដកហូតបាននៅវត្ថុតាងរួមមាន៖ គ្រឿងញៀនចំនួន២កញ្ចប់ធំ, ដាវចំនួន២ដើម, ម៉ូតូ២គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន១, និងទូរស័ព្ទចំនួន១០គ្រឿង រួមទាំងសម្ភារវិចខ្ចប់គ្រឿងញៀនជាច្រើន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកឆ្លូង កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀនខេត្ត ដើម្បីចាត់ការបន្ត ទៅតាមនិតិវីធិច្បាប់៕