(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ចាប់ពីពេលនេះតទៅយើងមានគ្រួសារតែមួយគត់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឲ្យសង្គមជាតិយើងទទួលបានសុខសន្តិភាព ស្ថេរភាពលើផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកអភិបាលខេត្ត បានលើកឡើងបែបនេះ នៅបរិវេណពហុកីឡាដ្ឋានខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមគ្រួសារគ្រូបង្រៀន និងទួនឥស្លាម (គ្រូបង្រៀនឥស្លាម) ទូទាំងក្រុងពោធិ៍សាត់ ជាលើកទី២ ប្រមាណ៩៤០នាក់ ដោយបានការអញ្ជើញចូលរួមពីលោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា មណ្ឌលពោធិ៍សាត់ លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣។
បន្ទាប់ពីលោក អាំង ថាណា ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុងពោធិ៍សាត់ បានជម្រាប់ជូនអំពីស្ថានភាព វិស័យអប់រំ និងបញ្ហាប្រឈមរួចមក លោក ម៉ៅ ធនិន បានថ្លែងនូវការ កោតសរសើរដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងទួនឥស្លាម ទូទាំងក្រុងពោធិ៍សាត់ ដែលបានខិតខំប្រឹងប្រែង និងផ្ទេរចំណេះដឹងបង្រៀនដល់កូនចៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលមិនគិតពីការខ្វះខាតអ្វីឡើយ ក្នុងគោលបំណងធ្វើយ៉ាងណា ឲ្យកុមារពេញវ័យសិក្សា ទទួលបានសេវាអប់រំបានល្អប្រសើរ។ ជាការពិតណាស់លោកគ្រូ អ្នកគ្រូ គឺជាគ្រួសារគំរូ ជាពុម្ភ និងជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។
លោកបានលើកឡើងថា «ចាប់ពីពេលនេះតទៅយើង មានគ្រួសារតែមួយគត់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឲ្យសង្គមជាតិយើង ទទួលបានសុខសន្តិភាព ស្ថេរភាពលើផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអនុគ្រោះ ដោយបញ្ឈប់ និងលើកលែង លើតម្លៃសេវាផ្សេងៗ ជាមួយនឹងការតម្លើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងតម្លើងប្រាក់ឈ្នួលដល់កម្មករ ដែលក្នុងនោះ ប្រាក់បៀវត្សរ៍បុគ្គលិកអប់រំយើង មានកម្រិតខ្ពស់ជាងគេផងដែរ។ និយាយជារួម និងនិយាយដោយឡែក ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល ក៏មានភ័ព្វសំណាងណាស់ ដែលទទួលបាននូវសមិទ្ធិផលជាច្រើនពីរាជរដ្ឋាភិបាល ដូចជាទំនប់ទី៣ និងទី៥, ផ្លូវជាតិលេខ៥៥, ផ្លូវក្រាលកៅស៊ូជនបទ១០ខ្សែ ស្មើនឹង១២៥,៥គីឡូម៉ែត្រ និងនាពេលថ្មីៗនេះទទួលបានផ្លូវភ្លោះ លើកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម-ធ្លាម្អម ប្រវែង១៣៥.២៥គីឡូម៉ែត្រ ដែលនឹងចាប់សាងសង់នៅខែកុម្ភៈ ត្រូវចំណាយទឹកប្រាក់ជិត២៥០លានដុល្លារអាមេរិក»។
លោកបានបន្ថែមថា ចំពោះគម្រោងទំនប់បង្ហៀរក្បាលហុង នឹងជិតដំណើរការសាងសង់ហើយ ស្របពេលដែលប្រជាពលរដ្ឋបាននឹងកំពុងទន្ទឹងរង់ចាំ ការប្រែមុខមាត់ពីស្ពានក្បាល ហុងចាស់ទ្រុឌទ្រោម ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត ចំកណ្តាលក្រុងពោធិ៍សាត់ និងសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ទៅដល់បងប្អូនប្រជាកសិករ។ លោកបានបន្ថែមទៀតថា នៅពេលខាងមុខនេះ ខេត្តពោធិ៍សាត់ នឹងមានភ្លើងស្តុបប្រើប្រាស់ដូចរាជធានីភ្នំពេញ ឬដូចបណ្តាខេត្តដទៃទៀតផងដែរ ដូច្នេះសូមលោកគ្រូ អ្នកគ្រូ ត្រូវខិតខំបង្រៀន និងហាត់ពត់លុតដំ ទំពាំងដែលនៅខ្ចី ឲ្យយល់ដឹងពីស្លាកសញ្ញា និងច្បាប់ចរាចរណ៍កាត់តែច្បាស់។
ដោយមានសំណូមពរពីលោកគ្រូ អ្នកគ្រូ ទាក់ទងនឹងបញ្ហាប្រឈម និងការកង្វះខាតនោះ លោកអភិបាលខេត្ត បានជួយដោះស្រាយជីកអណ្តូង ជីកស្រះទឹក នៅសាលាក្រាំងតាសែន និងសាលាគរុគោសល្យខេត្តជូន នឹងបានបញ្ជាឱ្យក្រុមហ៊ុនដឹកដី បាញ់ទឹកលើផ្លូវដែលហុយ នៅសាលាបឋមសិក្សាម៉ូលី (ថ្នល់បត់) ព្រមទាំងឲ្យក្រុមការងារមន្ទីរជំនាញសិក្សាអំពីប្រព័ន្ធទឹកស្អាត និងភ្លើងអគ្គិសនីជូន។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានជូនវត្ថុកំដរដៃ ដល់អ្នកចូលរួមប្រមាណ ៩៤០នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ ត្រីខ១កំប៉ុង អង្ករ១០គីឡូក្រាម និងថវិកា១ម៉ឺនរៀល ដែលទាំងនេះ បានកើតមានឡើងតាមការសន្យាជូនលោកគ្រូ អ្នកគ្រូ និងទួនឥស្លាម ទូទាំងក្រុងពោធិ៍សាត់ ទៅទស្សនៈកិច្ចសិក្សានៅរមណីដ្ឋានទឹកធ្លាក់ច្រកល្អៀង។ ចំពោះស្ត្រីមានផ្ទៃពោះ ១០នាក់ ម្នាក់ៗទទួលបានសារុង៣ និងថវិកា១០ម៉ឺនរៀលផងដែរ៕