Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនបុរស២នាក់ ក្រោយបោកលុយកក់៥ម៉ឺនដុល្លារ ពីអ្នកទិញដីនៅខេត្តកំពត តែតាមការពិតគ្មានដីលក់ឲ្យសោះ

12-01-2018 10:56

(ភ្នំពេញ)៖ យ៉ាងហោចណាស់បុរស២នាក់ ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ចាប់ខ្លួននៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធករណីឆបោកប្រាក់លក់ដីខ្យល់ មួយកន្លែងនៅខេត្តកំពត។

លោក ជីវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ការចាប់ខ្លួនជនឆបោកទាំង២នាក់នេះ ធ្វើឡើងតាមដីកា បង្គាប់ឱ្យនាំខ្លូនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលជនរងគ្រោះជាដើមបណ្តឹងបានដាក់បណ្តឹង។

បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ ស៊ុន សៀន អាយុ៤៨ឆ្នាំ ទីលំនៅផ្ទះលេខ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២-ឈ្មោះ ហេង សាន អាយុ៤៥ឆ្នាំ ទីលំនៅផ្ទះលេខ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

បើតាមសមត្ថកិច្ច កាលពីអំឡុងឆ្នាំ២០១៣ បុរសទាំង២នាក់ខាងលើបាន ឆបោកប្រាក់កក់របស់ដើមបណ្តឹងចំនួន៥០,០០០ដុល្លារ យកទៅទិញដីចំនួន៦០០០ហិកតា នៅក្នុងខេត្តកំពត តែទីបំផុតត្រូវដើមបណ្តឹងទៅតុលាការ និងឱ្យសមត្ថកិច្ចចាប់ខ្លួនព្រោះតែគ្មានដីឱ្យម្ចាស់លុយគេ៕