(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ បានអនុម័តទាំងស្រុង ដោយគ្មានការកែប្រែលើសេចក្តីព្រាង «យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥»។ នេះបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។
យោងតាមខ្លឹមសារនៃសេចក្តីព្រាង បានឲ្យដឹងថា សេចក្តីព្រាងយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ត្រូវបានរៀប ចំឡើងដោយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានឆ្លងកាត់ការសិក្សាជាច្រើន និងដកស្រង់បទពិសោធន៍ពីស្ថាប័នអន្តរជាតិធំៗ និងពីប្រទេសមួយចំនួន។ ជាពិសេសផ្អែកលើបទពិសោធន៍ នៃអនុវត្តការងារជាក់ស្ដែងរយៈពេល៣ឆ្នាំ របស់កម្ពុជាផ្ទាល់ ក៏ដូចជាការចូលរួមរំលែកជំនាញ និងបទពិសោធន៍ផ្ទាល់ពីអ្នកជំនាញការងារជាច្រើន ព្រមទាំងការផ្តល់មតិយោបល់ពីដៃគូអភិវឌ្ឍន៍សំខាន់ៗ។
សេចក្តីព្រាង «យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥» ធ្វើឡើងសម្រាប់កំណត់ទិសដៅឲ្យបានកាន់តែច្បាស់លាស់ នៃការកែទម្រង់ប្រព័ន្ធថវិកា ដោយផ្លាស់ប្តូរជាបណ្តើរៗពីប្រព័ន្ធថវិកាផ្អែកលើធាតុចូល និងមជ្ឈការ (ត្រួតពិនិត្យជាមុនខ្លាំងនៅពេលអនុវត្ត) ឆ្ពោះទៅប្រព័ន្ធថវិកាដែលផ្អែកលើលទ្ធផល/សមិទ្ធកម្ម និងវិមជ្ឈការ (ផ្ទេរសិទ្ធិ និងការទទួលខុសត្រូវគ្រប់គ្រងថវិកាកាន់តែច្រើន ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅក្រសួង-ស្ថាប័ន និងផ្ទៃក្នុងក្រសួង-ស្ថាប័ន) ក្នុងឆ្នាំ២០២០។
ជារួមមកយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ បានដាក់ចេញគោលដៅប្រកបដោយមហិច្ឆតាខ្ពស់ និងបានប្រមើលឃើញនូវហានិភ័យសំខាន់ៗមួយចំនួន ដែលអាចជួបប្រទះនៅក្នុងពេលអនុវត្ត។ ទោះបីយ៉ាងនេះក្តី កម្ពុជាចាំបាច់ត្រូវពុះពារសម្រេចអោយបាននូវគោលដៅទាំងនោះជាសារវ័ន្ត ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍កម្ពុជាដែលកំពុងឈានដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ក៏ដូចជានិន្នាការថ្មីក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាអន្តរជាតិ៕