(ភ្នំពេញ)៖ «ប្រជាពលរដ្ឋដែលជាម្ចាស់វាសនារបស់ គណបក្សនយោបាយនីមួយៗ ត្រូវតែត្រៀមខ្លួនកំណត់វាសនារបស់អ្នកនយោបាយ ប៉ុន្តែបើប្រជាពលរដ្ឋមិនទៅបោះឆ្នោតទេនោះ គឺវាសនាប្រជាពលរដ្ឋនោះ ត្រូវអ្នកនយោបាយជាអ្នកកំណត់វិញម្តង»។ នេះគឺជាការលើកឡើងរបស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានបង្ហាញសារជូនប្រជាពលរដ្ឋ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ។
សារនយោបាយរបស់ប្រធានគណបក្សថ្មីមួយនេះ បានធ្វើឡើងបន្ទាប់ពីមានអតីតសកម្មជនគណបក្សប្រឆាំងមួយចំនួន បានគំរាមធ្វើពហិកា មិនចូលរួមបោះឆ្នោតជាតិជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៦ នៅចុងខែកក្កដាខាងមុខនេះ ដោយសារតែគណបក្សរបស់ពួកគេត្រូវបានតុលាការកំពូល កាត់ទោសរំលាយ។
អ្នកនយោបាយវ័យជាង៣០ឆ្នាំរូបនេះ បានយល់ឃើញថា ការមិនចូលរួមបោះឆ្នោតរបស់ពលរដ្ឋម្នាក់ៗ គឺជាសិទ្ធិរបស់ពួកគាត់ ពីព្រោះការបោះឆ្នោតគឺជាការធ្វើឡើងដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំនោះទេ។ លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះថា៖ «ការមិនទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះ ក៏មិនមានអ្នកណាម្នាក់ខុសដែរ ដោយហេតុថា វាគឺជាសិទ្ធិរបស់អ្នកបោះឆ្នោត»។
ទោះជាយ៉ាងនេះក្តី បើតាមលោក ពេជ្រ ស្រស់ ទោះអត់ពីគណបក្សសង្រ្គោះជាតិទៅ ក៏នៅមានគណបក្សជាច្រើនទៀត ដែលមានអ្នកគាំទ្ររៀងៗខ្លួន កំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែង សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅឆ្នាំ២០១៨នេះ។
លោកបានអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា ចៀសវាធ្វើពហិការមិនទៅបោះឆ្នោត ដែលចាញ់បញ្ឆោទអ្នកនយោបាយក្រៅច្បាប់៕