(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាមានមោទនភាពដែលបានសម្រេចជោគវាសនារបស់ខ្លួនដោយខ្លួនឯង មិនធ្វើតាមការការណែនាំរបស់ស្ថាប័នអន្តរជាតិ និងអង្គការសហប្រជាតិ រឿងធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ នេះបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។
បើតាមការដកស្រង់ប្រសាសន៍ដោយលោក ផៃ ស៊ីផាន សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ស្ថាប័នអន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ ធ្លាប់បានផ្តល់យោបល់ជូនសម្តេចតេជោ ឲ្យធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកាត់បន្ថយចំនួនបុគ្គលិកមន្រ្តីរាជការចំនួនពីរទៅប្រាំមួយពាន់អ្នក និងស្នើសុំសម្តេច ឲ្យដំឡើងពន្ធដារលើប្រេងឥន្ធៈ។
តែសម្តេចមិនបានធ្វើតាមសំណើ និងការផ្តល់យោបល់នេះឡើយ។ ផ្ទុយទៅវិញសម្តេចតេជោ បានសម្រេចធ្វើអ្វីទៅតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល និងភាពជាក់ស្តែង និងតម្រូវការពិតប្រាកដ ក្នុងការកាត់បន្ថយចំនួនមន្រ្តី គឺពិតប្រាកដណាស់ជាការបង្កើតបញ្ហាជាមួយ និងមន្រ្តីខ្លួនឯង បាត់បង់នូវភាពសាមគ្គី និងការប្រឹងប្រែង នៃចំណែករបស់គេ ក្នុងកិច្ចកសាង និងការពារជាតិ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ទៀតថា ការបង្កើនពន្ធបន្ថែមលើប្រេងឥន្ធៈ គឺជាការសម្លាប់ប្រជាជនកម្ពុជា ដែលធ្វើឲ្យមានឱកាស នៃការបង្កើនតម្លៃទំនិញ និងសេវាដទៃទៀត ព្រមទាំងធ្វើឲ្យមានភាពចលាចលសេដ្ឋកិច្ចពិតប្រាកដ។
លោក ផៃ ស៊ីផាន បានចាត់ទុកការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន គឺជាមោទនភាពមួយរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ដែលស្គាល់ស្ថានភាព និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាពិតប្រាកដ ដែលមានការពិសោធន៍ ជាក់ស្តែងជាងបរទេសទាំងនោះ៕