(ភ្នំពេញ)៖ តំណាងសារព័ត៌មាន Fresh News រួមទាំងតំណាងស្ថាប័នព័ត៌មាន និងស្ថាប័នផ្សេងៗជាច្រើនទៀត បានចូលរួមវេទិកា «អ្នកសារព័ត៌មាន និងអ្នកនាំពាក្យ» ដែលរៀបចំជាលើកដំបូងដោយសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ។
គោលដៅនៃវេទិកានេះ គឺជាការសម្របសម្រួលដល់ទំនាក់ទំនងការងារវាងអ្នកសារព័ត៌មាន ជាមួយមន្ត្រីរាជរដ្ឋាភិបាល មន្ត្រីព័ត៌មានស្ថានទូត មន្ត្រីព័ត៌មានអង្គការសង្គមស៊ីវិល វិស័យឯកជន អ្នកវិភាគ និងបុគ្គលសាធារណ នៅក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់តម្លៃសារព័ត៌មានមួយកម្រិតទៀត។
វេទិកានេះ បានពិភាក្សាផ្តោតលើប្រធានបទចំនួន៣៖
ទី១៖ បច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ ការបង្កើនកម្រិតទំនាក់ទំនង ការបង្កើនការជឿទុកចិត្តគ្នា ការបង្កើនការគោរពគ្នា និងអនុសាសន៍ដោះស្រាយ
ទី២៖ តើអ្នកសារព័ត៌មានត្រូវការអ្វីខ្លះពីអ្នកនាំពាក្យ? ការប្រប្រឈម ការកែលម្អ និងសំណូមពរ
និងទី៣៖ តើអ្នកនាំពាក្យត្រូវការអ្វីខ្លះពីអ្នកសារព័ត៌មាន? ការប្រឈម ការកែលម្អ និងសំណូមពរ
លោក ហ៊ុយ វណ្ណៈ ប្រធានសហព័ន្ធសហភាពអ្នកសារព័ត៌មាន បានថ្លែងថា «អ្នកនាំពាក្យ និងអ្នកសារព័ត៌មាន គឺជាដៃគូរបំពេញឲ្យគ្នា ពីព្រោះម្ខាងជាអ្នកផ្តល់ខ្លឹមសារ ហើយម្ខាងទៀតជាអ្នកផ្សាយខ្លឹមសារនោះទៅកាន់ប្រជាជន។ ប្រសិនបើការទទួលខ្លឹមសារព័ត៌មានមិនច្បាស់លាស់ មិនបានស៊ីជម្រៅ នោះការផ្សាយក៏នឹងមិនបានគ្រប់ជ្រុងជ្រោយដែរ ហើយការលះបង់គឺប្រជាជនដែលត្រូវបានព័ត៌មានមិនពិត ត្រឹមត្រូវពេញលេញគ្រប់ជ្រុងជ្រោយ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តដ៏ប្រសើរ»។
លោក ហ៊ុយ វណ្ណៈ បានបន្តថា ប្រសិនបើអ្នកសារព័ត៌មានចេញផ្សាយមុនហើយអ្នកនាំពាក្យបែរជាចាំតែកែខ្លឹមសារតាមក្រោយ នោះក៏មិនមែនជាទិដ្ឋភាពដែលប្រសើរនោះទេ។
វេទិការនេះនឹងពង្រីកបាននូវទំនាក់ទំនងក្នុងភាពជាដៃគូររវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ ក្នុងការផ្លាស់ប្តូរមតិយោបល់ លើយន្តការទទួលព័ត៌មាន និងផ្តល់ព័ត៌មាន ដើម្បីលើកកម្ពស់សិទ្ធិទទួលព័ត៌មាន និងពង្រឹងគូណភាពនៃការផ្សាយលើគ្រប់វិស័យនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង៕