(ភ្នំពេញ)៖ នៅម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មក្រោមកិច្ចព្រមព្រៀង ក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសាធារណរដ្ឋឥណ្ឌា មុននឹងដាក់ចូលកិច្ចប្រជុំពេញអង្គអនុម័ត។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងគណៈកម្មាធិការជំនាញនានាផងដែរ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃនេះមានរបៀបវារៈខាងលើតែមួយគត់ ដែលត្រូវបានពិនិត្យ ក្រោយពេលរដ្ឋសភាបានប្រគល់សេចក្តីព្រាងច្បាប់នេះ ទៅឱ្យគណៈកម្មការទី៩ ត្រួតពិនិត្យ និងសិក្សាឱ្យច្បាស់លាស់។
លោកបានបន្ថែមថា រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់នេះ និងបិទសម័យប្រជុំលើកទី៩ នីតិកាលទី៥ នៅថ្ងៃនោះតែម្តង៕