(ព្រះសីហនុ)៖ ​លោកឧត្តម​សេនីយ៍​ទោ ​ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាបន្ទាន់​មួយ​ ដើម្បី​ពង្រឹង​ការ​ងារ​ សណ្តាប់​ធ្នាប់​ ចរាចរណ៍។ ដោយ​ហេតុ​តែ​ ក្នុង​រយៈ​ពេល​កន្លង​ទៅ​នេះ​ បញ្ហា​សណ្តាប់​ធ្នាប់​ចរាចរណ៍​ នៅ​តែ​ជា​ចំណុច​ប្រឈម​មួយ​​ក្តៅ​គគុក​ ដែល​ជា​ក្តី​កង្វល់​របស់​ថ្នាក់​ដឹកនាំ​ និង​ប្រជា​ពលរដ្ឋ​ទូទៅ​នៅ​ខេត្ត​ព្រះសីហនុ​។

លោកឧត្តមសេនីយ៍ស្នងការ ​បាន​លើកឡើង នូវ​៣ចំណុច​សំខាន់​ៗ​ ដែល​ត្រូវ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ ដែល​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ ទី១៖ អ្នកបើកម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​ ពេលយប់​ ស្ទើរតែ​៩០% ពិសេស​នៅ​ពេល​ដែល​សមត្ថកិច្ច​ដក​កម្លាំង​ ល្បាត​តាម​ផ្លូវ​ អ្នកបើកបរ​មិន​គោរពច្បាប់​ចរាចរណ៍, ទី២៖ ម៉ូតូ​គ្មាន​ស្លាក​លេខ​ និង​គ្មាន​កញ្ចក់​មើល​ក្រោយ និងទី៣៖ ទាំង​ជនជាតិ​ខ្មែរ​ និង​បរទេស​ អត់​ប័ណ្ណ​បើ​ក​បរ​ ហើយបើក​លឿន​ៗ​មិន​គោរពច្បាប់​ចរាចរណ៍។

លោកស្នងការបានដាក់បទបញ្ជាថា ពេល​ជួប​ប្រទះ​ជន​បរទេស​ បើក​បរ​ត្រូវ​ឃាត់​ធ្វើ​ការ​ត្រួត​ពិនិត្យ​ រក​ប័ណ្ណ​បើក​បរ​បើជននោះ​ មាន​ប័ណ្ណ​បើក​បរ​ត្រូវ​ថត​រូប​មនុស្ស​ ស្លាក​លេខ​​រថយន្ត​ និង​​លេខប័ណ្ណ​ រាយការណ៍​ជូន​ថ្នាក់​លើ​ជា​បន្ទាន់​ ដើម្បី​ត្រួត​ពិនិត្យ​​មើល​គល់​បញ្ជី​នៅ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ ដើម្បី​រក​ភាព​ត្រឹមត្រូវ។

ត្រូវ​រឹត​បន្តឹង​ចំពោះ​រាល់​អ្នក​បើក​បរ​មាន​ជាតិ​ស្រវឹង​ បង្ក​គ្រោះ​ថ្នាក់​ត្រូវ​ឃាត់​ខ្លួន​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់ការតាមច្បាប់​។ ការ​ត្រួត​ពិនិត្យ​ត្រូវ​​បែងចែក​វេន​គ្នា​ធ្វើឲ្យ​បាន​ជាប់​ជា​ប្រចាំ​។ ថ្នាក់​ដឹកនាំ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ត្រូវ​ប្តូរ​វេន​គ្នា​ល្បាត​តាម​ដងផ្លូវ​ ពិនិត្យ​មើល​អ្នក​ប្រើប្រាស់​យាន​យន្ត​​ការ​គោរព​ច្បាប់​ចរាចរណ៍​។

លោក​ស្នងការ​ បាន​បង្ហាញ​ជូន​​នូវ​រូបភាព​រថយន្ត​ពីរ​គ្រឿង​ ពាក់​ស្លាក​លេខខេមរភូមិន្ទ​ ដែល​គេ​ប្រទះឃើញ​ធ្វើចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​ បើក​ដោយ​ជនជាតិ​ចិន​ ត្រូវ​រុករក​ឲ្យ​ឃើញ​។

ក្នុង​កិច្ច​ប្រជុំ​នេះ​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បាន​ណែនាំឲ្យ​លោក​ជា​ថ្នាក់​ដឹកនាំ​ ត្រូវ​ប្រជុំ​ណែនាំ​ពង្រឹង​វិន័យ​ដល់​កងកម្លាំង​ មន្ត្រី​​អ្នក​អនុវត្ត​ច្បាប់​​ត្រូវ​ឲ្យ​មាន​សីលធម៌សណ្តាប់​ធ្នាប់​ ល្អ​ មិន​ត្រូវ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ នាំឲ្យ​ពួកគាត់​មាន​ការ​ថ្នាំងថ្នាក់ឡើយ​៕