(ភ្នំពេញ)៖ កិច្ចប្រជុំរយៈពេលពីរថ្ងៃនៅកម្ពុជា ត្រូវបានអ្នកតាមដាននយោបាយ និងសេដ្ឋកិច្ចរង់ចាំមើលថា មានអ្វីខ្លះប្លែក និងជាពិសេសជំនួយពីចិន និងផលប្រយោជន៏ដ៏ទៃទៀត ដែលកម្ពុជាសមទទួលបាន។ ខាងក្រោមនេះជារឿងរ៉ាវក្រៅឆាកខ្លះៗដែលពលរដ្ឋខ្មែរគួរដឹង៖
១៖ ចិនទម្លាក់លុយចូលស្រុកខ្មែរ
បន្ទាប់ពីចិនសម្រេចបោះទុនធ្វើអាកាសយានដ្ឋានថ្មីនៅភ្នំពេញ មានអ្នកជំនួញជាច្រើនឆ្លេឆ្លាចង់ដឹងថាធ្វើនៅទីណា? នេះជាសំណួររបស់អ្នកចាប់អារម្មណ៏រកស៊ីផ្នែកអចលនទ្រព្យ។ វត្តមាន២ថ្ងៃរបស់នាយករដ្ឋមន្រ្តីចិន លី ខឺឈាង បាននាំទឹកប្រាក់មកកម្ពុជាមិនតិចជាង២ពាន់លានដុល្លារទេ បើសិនជាចិនថាហើយ ធ្វើមែន។
២៖ មេដឹកនាំកម្ពុជា-ចិន សាសងសម្តីបែបអក្សរសាស្ត្រ នៅឯកិច្ចប្រជុំកំពូល Mekong-Lancang លើកទី២,
នាយករដ្ឋមន្រ្តីកម្ពុជា បានសាសងសម្តីជាមួយមេដឹកនាំចិន ដោយផ្តើមថា កិច្ចប្រជុំកំពូលលើកទី១ នៅឆ្នាំ២០១៦ នាទីក្រុង «សានយ៉ា» របស់ប្រទេសចិន ប្រែជាភាសាខ្មែរថា «សន្យា» ចិនឮបែបនោះក៏តបភ្លាមវិញថា ទីក្រុង «ភ្នំពេញ» របស់កម្ពុជា ប្រែជាភាសាចិនថា «ទីក្រុងមាស» រួចក៏បន្តសេចក្តីថា «ផ្តើមដោយសន្យា កើតចេញជាមាស» នៅ២ឆ្នាំក្រោយ។
៣៖ អំពីមេដឹនាំ
* លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា នាយករដ្ឋមន្រ្តីថៃ ហាក់ដូចជាបង្ហាញថា ជាបុរសលេងខ្លួនជាងគេ ដោយគាត់ស្លៀកខោជើងកំប៉ុង ពាក់ចិញ្ចៀនដល់ទៅ២ នេះមិនទាន់រាប់ទៅដល់ខាងក្នុងអាវ ដែលគាត់ពាក់ខ្សែកជាមួយបន្តោងសុទ្ធតែព្រះផង។
* លោក ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ ហាក់ដូចជាសប្បាយចិត្តនិងលេងសើចច្រើនបន្តិច ជាពិសេសពេលដែលគាត់ទទួលចង្វារ (អ៊ំទូក) ដែលជានិមិត្តរូបនៃការផ្ទេរតំណែងធ្វើជា សហប្រធានកិច្ចប្រជុំជាមួយចិន បន្ទាប់ពីកម្ពុជា។
* អនុប្រធានាធិបតីភូមា លោក មិន ស្វេ មិនសូវត្រូវបានគេចាប់អារម្មណ៏ទេ ព្រោះជាតួអង្គថ្មី ដែលគេដាក់មកជំនួស។
* លោក ស៊ួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម ហាក់ដូចជាព្យាយាមអបៗ ឬយកចិត្តចិន មិនហ៊ានតតាំង ឬរិះគន់ចិនជុំវិញភាពទោមនស្ស ឬជម្លោះតពូជអំពីទឹកទន្លេមេគង្គ និងនៅសមុទ្រចិនខាងត្បូង។
* នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន មើលទៅដូចជាហត់ និងនឿយខ្លាំងណាស់ តែញញឹមពព្រាយ។
* លោក លី កឺឈាង នាយករដ្ឋមន្រ្តីចិន ជាមេដឹកនាំដែលនិយាយច្រើនជាងគេ ជាមួយកាយវិការរស់រវើក បានប្រើភាសាដ៏ផ្អែមល្ហែម ហាក់ដូចជាលួងប្រលោមស្ហេហ៏ដល់មេដឹកនាំទាំង៥ប្រទេស ឱ្យមានជំនឿទុកចិត្តលើចិន កុំបារម្មណ៏ កុំព្រួយ ចិនចង់បានអ្នកជិតខាងល្អ សាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក ។ ភាសារបស់គាត់ល្មមអ្នកស្តាប់ ឬបើដៃគូរស្នេហាវិញស្ទើរតែទុកចិត្តទាំងស្រុង និងព្រមប្រគល់វាសនាបាត់ទៅហើយ។ ដោយឡែកលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ដែលអមដំណើរមកជាមួយ ត្រូវបានគេឱ្យរហ័សនាមថា ជាបុរសស្អាតតែកំណាញ់រូប ព្រោះគាត់មិនងាយនឹងថតរូបជាមួយ អ្នកណាផ្សេង ក្រៅពីសមភាគី ឬក្នុងអង្គប្រជុំឡើយ។
៤៖ អ្នកកាសែតចិនដាក់សំណាញ់យកព័ត៌មាន
អ្នកកាសែតចិនប្រមាណជា៥០នាក់ បានមកកម្ពុជា ដើម្បីច្បាមយកព័ត៌មានស្ទើរគ្រប់មុំ ដែលគិតថា ជាព័ត៌មានវិជ្ជមាន និងមានផលចំណេញដល់ចិន។
៥៖ ឧកញ៉ារូបណាដែលបាននែបនិតជាមួយចិននៅពេលនេះ?
បើសិនជាយើងរាប់ឈ្មោះឧកញ៉ានៅកម្ពុជាវិញ ប្រហែលជាត្រូវចំណាយពេលច្រើនគួរសម តែឧកញ៉ាដែលមានវាសនានៅពេលនេះមានតែបីរូបប៉ុណ្ណោះគឺ លោកតា ពុង ឃាវសែ ក្រុមហ៊ុន OCIC លោក គិត ម៉េង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកស្រី លីម ឈីវហួរ ក្រុមហ៊ុនអ៊ែតវូត តាមរយៈប្រាក់កម្ចីសប្បទានវិនិយោគ។ និយាយបែបនេះ មិនមានន័យជ្រៅរហូតដល់ «លុយពេញលើតុ ម៉ុកចាយតែឯងនោះឡើយ» ។ យ៉ាងណាក៏ដោយ អ្នកដែលចំណេញច្រើនជាងគេគឺរដ្ឋាភិបាល និងប្រទេសកម្ពុជា បើសិនជាលុយចិនធ្លាក់មកកម្ពុជាដូចការសន្យា ព្រោះជំនួយបានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជារួម៕
ដោយ៖ លោក ពុយ គា