(ភ្នំពេញ)៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុប្រវែង ១៩០,៦៣គីឡូម៉ែត្រ ដែលមានតម្លៃប្រមាណ ២ពាន់លានដុល្លារដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខារួចហើយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ។
ពិធីចុះហត្ថលេខាលើគម្រោងសាងសង់ផ្លូវនេះ ត្រូវបានធ្វើឡើងរវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ជាមួយលោក លាវ ឈីថាវ ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។
ផ្លូវល្បឿនលឿននេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនវិនិយោគិនរបស់ចិន តាមរូបភាពវិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។ ផ្លូវ នេះមាន ០៤គន្លង និងមានប្រវែងសរុប ១៩០,៦៣គីឡូម៉ែត្រ ជាផ្លូវថ្មីទាំងស្រុង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាលកៅស៊ូ AC មានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស មានទីតាំងឈប់សម្រាក មានរបងបាំងសងខាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ក្រោយសាងសង់រួចរាល់ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជានេះ នឹងជួយសម្រួលដល់ការធ្វើដំណើរទៅមករាជធានីភ្នំពេញ-ខេត្តព្រះសីហនុ បានឆាប់រហ័ស កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរ កាត់បន្ថយការកកស្ទៈ សម្រួលដល់ការដឹកជញ្ជូនទំនិញ ធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនកាន់តែប្រសើរ។ លើសពីនេះទៀត កម្ពុជានឹងទទួលបានផលចំណេញដែលមិនអាចកាត់ថ្លៃបានពីការអភិវឌ្ឍន៍ច្រករបៀងភ្នំពេញ-ខេត្តព្រះសីហនុ៕