(ភ្នំពេញ)៖ កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីគម្រោងបាញ់បង្ហោះផ្កាយរណប ដំបូងគេបំផុតរបស់កម្ពុជា ត្រូវបានចុះហត្ថលេខារួចរាល់ហើយ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព ក្រោមអធីបតីភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងចិន។
គម្រោងបាញ់បង្ហោះផ្កាយរណបដំបូងគេនេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនរបស់កម្ពុជា និងក្រុមហ៊ុនចិន ដែលមានទឹកប្រាក់វិនិយោគប្រមាណ១៥០លានដុល្លារ។
ការចុះកិច្ចព្រមព្រៀងលើកម្រោងថ្មីនេះ ធ្វើឡើងរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយាល់គ្រុប និងលោក យីន លីម៉េង ប្រធានសាជីកម្មឧស្សាហកម្មមហាកំពែងចិន។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឲ្យដឹងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ក្នុងការធ្វើទំនើបកម្មវិស័យគមនាគមន៍ និងមានសារសំខាន់យ៉ាងខ្លាំង ចំពោះវិស័យនេះ។
លោករដ្ឋមន្ត្រីបន្ថែមថា បន្ទាប់ពីចុះហត្ថលេខានេះ ក្រុមការងារមួយក្រុម ដែលបង្កើតឡើងរួចរាល់ហើយ នឹងធ្វើការសិក្សាវាយតម្លៃ អំពីកិច្ចដំណើការ នៃការបាញ់បង្ហោះផ្កាយរណប ទៅអវកាស។
លោកថា ក្រុមការងារនេះ នឹងត្រូវប្រើប្រាស់ពេលវេលា២ឆ្នាំកន្លះ ដើម្បីកំណត់ទីតាំង និងរៀបចំឧបករណ៍ ឈានដល់ការបាញ់បង្ហោះផ្កាយរណបទៅលើអាកាស ហើយផ្កាយរណបនោះមានអាយុកាលប្រើប្រាស់រយៈពេល១៥ឆ្នាំ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការថ្មី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីខែធ្នូ ឆ្នាំ២០១៦ បានជំរុញឲ្យអ្នកឧកញ៉ា គិត ម៉េង សហការចាប់ដៃគូជាមួយក្រុមហ៊ុនផ្សេងទៀត ក្នុងការបាញ់បង្ហោះផ្កាយរណបផ្ទាល់ខ្លួន ដើម្បីបម្រើដល់វិស័យទូរគមនាគមន៍ និងវិស័យពាក់ព័ន្ធដទៃទៀតនៅកម្ពុជា។
នៅពេលនេះ គម្រោងនៃការបាញ់បង្ហោះផ្កាយរណប ត្រូវបានលេចចេញជារូបរាងពិតប្រាកដមែន ដោយយ៉ាងយូរ៣ឆ្នាំ កម្ពុជានឹងមានផ្កាយរណបប្រើប្រាស់ផ្ទាល់ខ្លួន។ ការប្រើប្រាស់ប្រព័ន្ធផ្កាយរណប ជាបញ្ហាចាំបាច់មួយ សម្រាប់វិស័យការពារជាតិ និងសន្ដិសុខវិស័យទូរគមនាគមន៍របស់កម្ពុជា និងសន្ដិសុខជាតិផងដែរ ដោយនឹងជួយបំពេញចន្លោះខ្វះខាត ចំពោះតំបន់ណាដែលមិនមានខ្សែកាបអុបទិកទៅដល់ និងគ្មានសេវាទូរស័ព្ទនោះ និងក៏ជាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍មួយ សម្រាប់បម្រុងផងដែរទៅលើបណ្តាញកាប្លិ៍អុបទិក ត្រូវបានកាត់ផ្តាច់ដោយយថាហេតុ៕