(ភ្នំពេញ)៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា (EDC) នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើកិច្ចសន្យា សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ៥០០គីឡូវ៉ុល ដែលជាឆ្អឹងខ្នងសម្រាប់បណ្តាញជាតិ និងភ្ជាប់អនុតំបន់ជាមួយ លោក លូ វិនជីន អគ្គនាយកក្រុមហ៊ុន ឆាយណា ណាសិននល ហែវី ម៉ាស៊ីនណារី ខបភើរេសិន ដើម្បីទទួលយកហិរញ្ញប្បទានចំនួន១១៧លានដុល្លារ។
ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះ ធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង។
លោក កែវ រតនៈ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា គម្រោងសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់កម្រិត៥០០គីឡូវ៉ុលនេះ គឺជាគម្រោងខ្សែទី២ ខណៈដែលខ្សែទី១ កំពុងសាងសង់ នៅខេត្តព្រះសីហនុ។
អគ្គនាយករងូននេះបន្តថា គម្រោងបណ្តាញខ្សែបញ្ជូនអគ្គិសនីតង់ស្យង់ខ្ពស់នេះ គឺដើម្បីភ្ជាប់បណ្តាញអគ្គិសនីរវាងកម្ពុជា ពីខេត្តស្ទឹងត្រែងជាមួយខេត្តចំប៉ាសាក់ ប្រទេសឡាវ ដោយភ្ជាប់បណ្តាញពីក្រចេះ ស្ទឹងត្រែង កំពង់ចាម ភ្នំពេញ ភ្ជាប់មកបណ្តាញជាតិទាំងមូល របស់ប្រទេសកម្ពុជា។
លោក កែវ រតនៈ បានអះអាងថា គម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់នេះ នឹងផ្តល់ប្រយោជន៍យ៉ាងសម្បើបដល់វិស័យអគ្គិសនីកម្ពុជា។ ផលប្រយោជន៍ទាំងនោះរួមមាន៖
ទី១៖ នៅពេលខ្សែបណ្តាញនេះកើតឡើង គឺអនុញ្ញាតឲ្យប្រទេសទាំង២ អាចធ្វើពាណិជ្ជកម្មផ្នែកថាមពលទៅវិញទៅមក គឺលក់ចរន្តទៅវិញទៅមកតាមលក្ខណៈដែលអាចធ្វើទៅបាន ។ ការធ្វើបែបនេះ គឺផ្តល់នូវផលចំណេញមួយដល់កម្ពុជា ក្នុងរយៈពេលអន្តរកាល នៅពេលដែលកម្ពុជាកំពុងសង់រោងចក្រអគ្គិសនីជាច្រើនទៀត ហើយមិនទាន់បញ្ចប់សព្វគ្រប់នោះ ដូច្នេះខ្សែបណ្តាញនេះ ប្រសិនបើសាងសង់រួច អាចបំពេញការខ្វះខាតអគ្គិសនីផ្នែកខ្លះ នៅប្រទេសកម្ពុជា។ ផ្ទុយទៅវិញនៅពេលដែលកម្ពុជាសល់ថាមពលអគ្គិសនី គឺអាចលក់ទៅឲ្យប្រទេសឡាវវិញបាន។
ទី២៖ នៅពេលដែលមានការបំពេញអគ្គិសនីឲ្យគ្នាទៅវិញទៅមកបាន គឺអាចធ្វើឲ្យកម្ពុជាអាចជួយឲ្យថ្លៃអគ្គិសនីអាចធ្លាក់ចុះ ដែលសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ពិសេសផ្នែកឧស្សាហកម្ម សិប្បកម្មតូចធំ ដើម្បីបង្កើតការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារីកម្ពុជា ស្របតាមការចង់បានរបស់ប្រមុខរាជរដ្ឋភិបាលសម្តេចតេជោ ហ៊ុន សែន។
ទី៣៖ សំដៅទៅលើការប្រទាក់ក្រឡាគ្នា រវាងបណ្តាញអគ្គិសនីកម្ពុជាជាមួយប្រទេសជិតខាង ដើម្បីជួយគ្នាទៅវិញទៅមក ធ្វើឲ្យបណ្តាញអគ្គិសនីរបស់យើងទាំងអស់គ្នា មានស្ថិរភាព និងកាន់តែមានលក្ខណៈរឹងមាំ។
លោកអគ្គនាយកអគ្គិសនីកម្ពុជាបន្តថា គម្រោងសាងសង់ខ្សែបណ្តាញអគ្គិសនីតង់ស្យុងខ្ពស់នេះ គ្រោងនឹងចំណាយពេលសាងសង់រយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ២០១៩ ប៉ុន្តែដោយសារតែមិនមានផលប៉ះពាល់ ជាមួយលំនៅដ្ឋានប្រជាជននោះ សង្ឃឹមថា គម្រោងនេះនឹងឆាប់បញ្ចប់មុខរយៈពេល៣ឆ្នាំ។
លោកបន្តទៀតថា ការចុះហត្ថលេខាជាមួយភាគីចិននៅថ្ងៃនេះ កិច្ចការភ្ជាប់ជាមួយកិច្ចការដែលអគ្គិសនីកម្ពុជា ធ្វើការចរចាជាមួយប្រទេសឡាវ ឈានដល់ការឯកភាពគ្នា ក្នុងការភ្ជាប់បណ្តាញអគ្គិសនីជាមួយគ្នា ដោយភាគីឡាវសាងសង់បណ្តាញខ្សែមកភ្ជាប់ជាមួយកម្ពុជា នៅព្រំដែន។
សូមជម្រាបថា នៅថ្ងៃទី១១ ខែមករានេះ កម្ពុជា និងចិន ក៏បានកិច្ចព្រមព្រៀងឥណនទានសម្បទាន សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ដំណាក់កាលទី២។ ការចុះហត្ថលេខានេះធ្វើឡើងរវាងលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក លាវ លានកឺ ប្រធានធនាគារនីហរ័ណ-អាហរ័ណចិន៕