Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំគណៈកម្មការរៀបចំសង្ក្រានថ្មីសំបូរព្រៃគុក បង្កើនការទាក់ទាញភ្ញៀវទេសចរ ក្រោយត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

11-01-2018 19:19

(កំពង់ធំ)៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំសង្ក្រានថ្មីសំបូរព្រៃគុក ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីលោកលោកស្រី អភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កងកម្លាំងទាំងបី និងប្រធានមន្ទីរជុំវិញខេត្ត។

បន្ទាប់ពីធ្វើការពិភាក្សាអំពីបទពិសោធន៍ ដែលអនុវត្តការងារដំណើរការសង្ក្រានថ្មីសំបូរព្រៃគុករួចមក លោក សុខ លូ បានលើកឡើងថា ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ ដូច្នេះសូមគណៈកម្មការរៀបចំសង្ក្រានថ្មីសំបូរព្រៃគុក ត្រូវខិតខំរៀបចំដំណើរការ នៃកម្មវិធីសង្ក្រានថ្មីសំបូរព្រៃគុក ឲ្យមានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ដើម្បីកំដរបរិយាកាសឲ្យមានភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនដែលរស់នៅក្នុងខេត្តកំពង់ធំយើងទាំងមូល។

លោកបន្ថែមទៀតថា «ក្នុងនាមយើងជាថ្នាក់ដឹកនាំកម្មវិធី នឹងត្រូវត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើង ក្នុងនោះបញ្ហាដែលយើងទាំងអស់គ្នា ត្រូវគិតគូររួមមានបញ្ហាចរាចរណ៍ ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវមានកន្លែងសម្រាប់ចត ទុកដាក់យានជំនិះរបស់បងប្អូន ដែលមកទស្សនា ដែលមានសំដែងកម្មវិធីកំសាន្តសប្បាយ និងលេងល្បែងរបាំប្រជាប្រិយ ការសម្តែងនូវសិល្បៈ របាំរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ការប្រគុំតន្ត្រី ឡើងសរសរខ្លាញ់ ទាញព្រ័ត ចោលឈូង កញ្ញាធ្លាក់ទឹក ប្រដាក់បិទមុខជាដើម ក្នុងនោះក៏មានការដាក់តាំងនូវ ផលិតផលភូមិមួយ ផលិតផលមួយក្នុងខេត្ត ជាពិសេសផលិតផលកសិកម្ម សិប្បកម្ម និងការលក់ដូររបស់បងប្អូនអាជីវករឲ្យមានសណ្តាប់ធ្នាប់ និងប្រកបដោយសោភ័ណ្ឌភាព»