(ភ្នំពេញ)៖ លោក អឿន ចំណាន ដែលជាមន្រ្តីចរាចរណ៍ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ និងរងនូវការប្រើអំពើហិង្សា (វាយ និងធាក់) ពីមន្រ្តីនគរបាលពាក់ស័ក្តិ៤ម្នាក់ ពេលកំពុងអនុវត្តច្បាប់ ចរាចរណ៍នោះ បានសុំអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍បានគ្រប់ៗគ្នា និងសូមមានការយោគយល់ ចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ពេលធ្វើដំណើរតាមដងផ្លូវ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លោក អឿន ចំណាន ដែលមានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល និងបានចូលបម្រើការងារ បានជាង១ឆ្នាំ រូបនេះ បានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍ដ៏អាក្រក់លើខ្លួនលោកមកនេះ ថ្នាក់ដឹកនាំ និងសប្បុរសជននានាមានការយកចិត្តទុកដាក់ ព្រមទាំងជួយលើកទឹកចិត្ត តាមរយៈការ ឧបត្ថម្ភផងដែរ ដូចជា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង, លោក ស សុខា អ្នកតំណាងរាស្រ្ត, លោកឧត្តមសេនីយ៍ ហ៊ុន ជា, អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត រួមទាំងសប្បុរសជន ជាច្រើននាក់ផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្រ្តីនគរបាលពាក់ស័ក្តិ៤ (តាមពិតស័ក្តិ៣) ដែលលើកជើងធាក់មន្រ្តីនគរបាលចរាចរណ៍ ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ។
លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ចំនួន២បទល្មើស គឺ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ ដោយអាជ្ញាធរសាធារណៈ» ប្រព្រឹត្តទៅនៅចំណុចផ្លូវលេខ៥៩៨ កែផ្លូវលេខ៣១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ។
សម្រាប់មាត្រា២១៨ ត្រូវប្រឈមជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ពិន័យជាប្រាក់ពី៤លាន ទៅ១០លាន និងមាត្រា៦១៤ ដែលប្រឈមជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ ពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ២លានរៀល។ បើតាមការបញ្ជាក់ពីមន្រ្តីតុលាការ តាមពិតជនត្រូវចោទរូបនេះ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក (ស័ក្តិ៣) ប៉ុន្តែជននេះបានទិញស័ក្តិក្លែងក្លាយ១ទៀត ដើម្បីពាក់លើស្មា គឺឡើងស័ក្តិ៤។
សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ដែលប្រើអំពើហិង្សាទៅលើមន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យានោះ មានឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ ដែលបម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រើអំពើហិង្សា និងមានការបែកធ្លាយវីដេអូភស្តុតាងនៅតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ។
សូមទស្សនាការរៀបរាប់របស់លោក អឿន ចំណាន ខាងក្រោមនេះ៖