(ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងប្រាប់អង្គភាព Fresh News ថា រយៈពេល១១ថ្ងៃ នៃការដាក់ឲ្យអនុវត្តកម្មវិធីថ្មី របស់រាជរដ្ឋាភិបាលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបើកផ្តល់សាច់ប្រាក់ជូនកម្មការិនី ដែលសម្រាលកូននោះ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលបញ្ជីកម្មការិនីសម្រាលកូនសរុបចំនួន ១២៣៣នាក់ និងបញ្ជីទារកសរុបចំនួន ១២៤៣នាក់ និងបានបើកផ្តល់ថវិកាសរុបចំនួន ៤៩៧.២លានរៀល ដោយឡែកសម្រាប់ថ្ងៃទី១១ ខែមករានេះ គឺមានកម្មការិនី ១២៩នាក់ បានសម្រាលកូនបានចំនួន ១៣០នាក់។
គិតចាប់ពីថ្ងៃទី១ មកដល់ថ្ងៃទី១១ ខែមករា នេះមានកម្មការិនីដែលសម្រាលបានកូនភ្លោះ២ មានចំនួន ១០នាក់។
ការឧបត្ថម្ភនេះបានបង្ហាញពីការចាប់ផ្តើមអនុវត្តកម្មវិធីបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មករនិយោជិតជាស្រ្តី ទាំងក្នុងនិងក្រៅប្រពន្ធពេលសម្រាលកូន។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ឧបត្ដម្ភថវិកាដល់កម្មការិនី ឆ្លងទន្លេចំនួន៤០ម៉ឺនរៀល សម្រាប់អ្នកកើតបានកូនម្នាក់, ចំណែកអ្នកកើតបានកូនភ្លោះពីរនាក់ ទទួលបាន៨០ម៉ឺនរៀល និងសម្រាប់អ្នកកើតបានកូនភ្លោះបី ១,២០០,០០០រៀល ដែលគោលនយោបាយនេះ ចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។ រាជរដ្ឋាភិបាល បានត្រៀមបម្រុង ចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់ចំណាយប្រាក់ ឧបត្ថម្ភដល់កម្មការិនីឆ្លងទន្លេ៕