(មណ្ឌលគិរី)៖ ជនជាតិវៀតណាមចំនួន៨នាក់ រណាយន្ត (ត្រង់សឺន័រ)ចំនួន២គ្រឿង រួមទាំងកូនឈើខ្លុងត្បែងជាង៤០០កំណាត់ ត្រូវបានសមត្ថកិច្ច និងមន្រ្តីជំនាញ ក្រោមការសម្របសម្រួល ពីតំណាងអយ្យការខេត្តចុះបង្ក្រាប។
ការចុះបង្ក្រាបនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅក្នុងក្រុមហ៊ុន ដួង ស្រួច គ្រុប នាស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក សុក សេរ៉ា មន្រ្តីអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះថា ការឃាត់ខ្លួនជនជាតិវៀតណាម និងឈើខាងលើនេះ ជារឿងរបស់ជំនាញ និងសមត្ថកិច្ច។
ដោយឡែកលោក តន់ វុទ្ធី តំណាងក្រុមហ៊ុន ដួង ស្រួច គ្រុប ក៏បានបញ្ជាក់ផងដែរថា ជនជាតិវៀតណាមចំនួន៨នាក់ខាងលើ ដែលសមត្ថកិច្ច និងជំនាញធ្វើការឃាត់ខ្លួននោះ ជាកម្មករជំនាញខាងផ្លូវថ្នល់ ដែលក្រុមហ៊ុនជួលមកធ្វើនៅក្នុងក្រុមហ៊ុន សុទ្ធសឹងជាផ្លូវសម្រាប់បម្រើរសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកមួយនេះដែរ សរុបមានប្រវែងជិត១០០គីឡូម៉ែត្រ ហើយលោកតំណាងក្រុមហ៊ុន បានធ្វើការអះអាងថា ជនជាតិទាំងអស់នោះ សុទ្ធតែមានឯកសាររបស់ផងខ្លួនគ្រប់ៗគ្នា។ ចំណែកកូនឈើខ្លុង និងកូនឈើត្បែងតូចៗ ដែលជំនាញ និងសមត្ថកិច្ចរកឃើញនោះ គឺជាឈើដែលខាងក្រុមហ៊ុន ធ្វើការឈូសឆាយក្នុងទីតាំងក្រុមហ៊ុន សម្រាប់ទីធ្លាដាក់គ្រឿងចក្រ។
លោកតំណាងក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុន ដួង ស្រួច គ្រុបនេះ មានច្បាប់អនុញ្ញាតពីក្រសួងចំនួន២កន្លែង ក្នុងឃុំចំនួន៤រួមមាន៖ ឃុំពូជ្រៃ ឃុំក្រង់តេះ ឃុំប៊ូស្រា និងឃុំស្រែអំពូម ក្នុងស្រុកពេជ្រាដា ដោយមួយកន្លែងៗមានផ្ទៃដីជាង៥០០០ហិកតា សរុបផ្ទៃដីមានចំនួន១០៦០៩.៥៥ហិកតា។ ក្រុមហ៊ុនមួយនេះ ធ្វើអាជីវកម្ម កាត់ប្រមូលផល អនុផលព្រៃឈើដែល មានក្នុងគម្រោងសម្បទាន ដីសង្គមកិច្ចទាំងពីរកន្លែង ក្នុងស្រុកមួយនេះ៕