(ភ្នំពេញ)៖ អំឡុងពេល២ថ្ងៃនេះ កម្ពុជាបានកើតឡើងនូវព្រឹត្តិការណ៍ពិសេសចំនួន២ នោះគឺការរៀបចំកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅថ្ងៃទី១០ ខែមករា និងកម្មវិធីដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិនមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។ ព្រឹត្តិការណ៍ទាំងនេះ សុទ្ធសឹងតែជំរុញឱ្យកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាមានភាពល្បីរន្ធឺនៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិ។
ព្រឹត្តិការណ៍ទី១៖ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២
* កិច្ចប្រជុំមេគង្គ-ឡានឆាង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព នារសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។ កិច្ចប្រជុំនេះ មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ធ្វើជាសហប្រធាន និងមានការអញ្ជើញចូលរួមពី បណ្តាមេដឹកនាំរបស់ប្រទេសសមាជិកនៅជាប់នឹងដងទន្លេមេគង្គ ក្នុងនោះរួមមាន លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ លោក មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។
* ក្នុងចំណោមមេដឹកនាំប្រទេសមេគង្គ-ឡានឆាងទាំងអស់ គឺលោក មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ ប្រទេសកម្ពុជាមុនគេ ប៉ុន្តែលោកឆ្លៀតពេលទៅទស្សនានៅទឹកដីអង្គរខេត្តសៀមរាប គឺនៅល្ងាច ថ្ងៃទី៩មករា ហើយនៅរសៀលថ្ងៃទី១០ ទើបលោកមកដល់ទីក្រុងភ្នំពេញ។ បន្តបន្ទាប់ពីនោះមាន លោក ង្វៀង សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមករា, លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ដ្រីឡាវ, លោកប្រាយុទ្ធ ចាន់អ៊ូឆា នាយករដ្ឋមន្រ្តីថៃ និង លោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញបន្តបន្ទាប់គ្នា នៅពេលរសៀល។
* មុននឹងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ចាប់ផ្តើម នៅវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នោះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគី ជាមួយនឹងនាយករដ្ឋមន្រ្តីវៀតណាម និងនាយករដ្ឋមន្រ្តីថៃផងដែរ។ ជំនួបទ្វេភាគីរវាងនាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម លោក ង្វៀង សួនហ្វុក បានថ្លែងកោតសរសើរដល់កម្ពុជាចំពោះការរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ ហើយថាការធ្វើជាម្ចាស់ផ្ទះ មេគង្គ-ឡានឆាងនេះ នឹងលើកកិត្យានុភាពប្រទេសកម្ពុជាបន្ថែមទៀតទាំងនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ ដោយឡែក ជំនួបទ្វេភាគីរវាងនាយករដ្ឋមន្រ្តីកម្ពុជា-ថៃ វិញ ភាគីទាំងពីរបានលើកឡើងអំពី ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ នៅឆ្នាំ២០១៧ ដែលបានកើនឡើងដល់៥,៥ពាន់លានដុល្លារអាមេរិក ហើយចំនួននេះ បានកើនឡើងប្រមាណ១០ភាគរយ បើធៀបនឹងឆ្នាំ២០១៦។
* រហូតដល់ម៉ោង៤៖០០រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ ក៏បានចាប់ផ្តើមនៅវិមានសន្តិភាព។ នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន សហប្រធានវិលជុំ បានថ្លែងសុន្ទរកថាស្វាគមន៍ចាត់ទុកជាការបើកកម្មវិធី ហើយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ជាសហប្រធានអចិន្រ្តៃយ៍នៃកិច្ចប្រជុំ ក៏បានមានចំណាប់អារម្មណ៍ចំនួននោះផងដែរ។ មុននឹងបញ្ចប់ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ កម្ពុជាដែលជាសហប្រធានវិលជុំ បានតំណែងសហប្រធានវិលជុំ ដោយមាននិម្មិតរូបច្រវ៉ា តំណាងឱ្យមេគង្គ-ឡានឆាង ទៅឱ្យប្រទេសឡាវវិញម្តង។ បន្ទាប់ពីនោះក្រោយបញ្ចប់កិច្ចប្រជុំនេះ មេគង្គ-ឡានឆាង បានចេញសេចក្តីប្រកាសរួមដោយកត់សម្គាល់អំពីលទ្ធផលផ្លែការ ដែលបានអនុម័តលើរបៀបវារៈចំនួន២រួមមាន៖
១៖ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២
២៖ ផែនការសកម្មភាព៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)។
សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ នៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ បានកត់សម្គាល់ចំនួន១២ចំណុច និងបានប្តេជ្ញាលើគោលការណ៍ធំៗ ចំនួន៤ដូចជា ១៖ កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ, ២៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព, ៣៖ ការផ្លាស់ប្តូរទំនាក់ទំនងសង្គម វប្បធម៌ និងប្រជាជន-ប្រជាជន និង ៤៖ការគាំទ្រដល់កិច្ចសហប្រតិបត្តិការជាដើម។
* ក្រោយបញ្ចប់កិច្ចប្រជុំកំពូលនេះ កម្ពុជាបានរៀបចំពិធីជប់លៀងពិសេសសម្រាប់មេដឹកនាំនៃប្រទេសមេគង្គ-ឡានឆាង ផងដែរ។
* នាយករដ្ឋមន្ដ្រីវៀតណាម លោក ង្វៀន សួនហ្វុក និងនាយករដ្ឋមន្ដ្រីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា បានចាកចេញពីប្រទេសកម្ពុជា នៅម៉ោង១០៖២០នាទី យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបានចូលរួមពិធីជប់លៀង បញ្ចប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ដោយជោគជ័យ។ ដោយឡែក អនុប្រធានាធិបតីមីយ៉ាន់ម៉ា និងនាយករដ្ឋមន្រ្តីឡាវ លោក ថងលួន ស៊ីសូលីត បានចាកចេញពីកម្ពុជានៅថ្ងៃបន្ទាប់។ លោក ថងលួន ស៊ីសូលីត បានចាកចេញពីកម្ពុជាបន្ទាប់ពីជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាម្ចាស់ផ្ទះរួចរាល់។
កិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលធ្វើឡើងពេញមួយកំណាត់ថ្ងៃ នៅលើកទឹកដីកម្ពុជា បានបិទបញ្ចប់ ទៅប្រកបដោយជោគជ័យ និងផ្លែផ្កាខ្ពស់ ដោយប្រទេសសមាជិក នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានសន្យាជំរុញ កិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសការជំរុញសន្តិភាពក្នុងតំបន់ ដើម្បីទទួលបានការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។
ព្រឹត្តិការណ៍ទី២៖ ទស្សនកិច្ចផ្លូវការរបស់ លោក លី ខឺឈាង ផ្តល់ផលចំណេញលើសលុបដល់កម្ពុជា និងបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងប្រទេសទាំងពីរ
លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅក្នុងប្រទេសកម្ពុជា រយៈពេល១ថ្ងៃ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ។ ទស្សនកិច្ចនេះ បានធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ហើយនាយករដ្ឋមន្រ្តីកម្ពុជា-ចិន បានធ្វើជាសហប្រធានរួមគ្នានៃកិច្ចប្រជុំនេះ។
ទស្សនកិច្ចផ្លូវការលើកដំបូងរបស់ លោកនាយករដ្ឋមន្រ្តីចិន ដែលបានឡើងកាន់តំណែងនៅឆ្នាំ២០១៣ មកកាន់កម្ពុជាលើកនេះ បានបង្ហាញប្រាប់សហគមន៍អន្តរជាតិ អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចកាត់ផ្តាច់បានរបស់ប្រទេសទាំងពីរ ជាពិសេសទស្សនកិច្ចនេះ បាននាំមកនូវអត្ថប្រយោជន៍ដ៏ច្រើនលើសលុបដល់ប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀង១៩ចំណុចរបស់ប្រទេសទាំងពីរ។
ខណៈពេលបំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលព្រឹក លោក លី ខឺឈាង បានចាកចេញពីសណ្ឋាគារអាំងទែរកុងទីណង់តាល់ដែលជាទីតាំងដែលលោកសម្រាក់រយៈពេល១យប់ ទៅបំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោត។ បន្ទាប់ពីនោះលោក បានអញ្ជើញទៅវិមានសន្តិភាព ដើម្បីជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន រួមទាំងធ្វើជាអធិបតីរួមគ្នាក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន១៩ ដែលជាកាដូរបស់លោក សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងនៅក្នុងប្រទេសកម្ពុជា។
អំឡុងនៃការជួបប្រជុំទ្វេភាគីរបស់នាយករដ្ឋមន្រ្តីទាំងពីរ៖ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យភាគីចិនជួយជំរុញទិញស្ករអំពៅពីកម្ពុជា។ ដោយឡែក លោក លី ខឺឈាង បានសន្យាឲ្យរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មចិន ពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀងទិញលក់ស្ករអំពៅ នៅពេលអនាគត។ លោក លី ខឺឈាង បានសន្យាជំរុញឱ្យភ្ញៀវទេសចរចិន ធ្វើដំណើរមកកាន់កម្ពុជាឱ្យកាន់តែច្រើនថែមទៀត និងបានប្រាប់សម្តេចតេជោថា ចិនមានកញ្ចប់ថវិកាប្រមាណ១២០០លានយ័ន្ត (ជាង១៨៤លានដុល្លារ) សម្រាប់គម្រោងខ្នាតតូច និង ៦០០លានយ័ន្ត (ប្រហែល៩២លានដុល្លារ) សម្រាប់គម្រោងខ្នាតធំ នៅកម្ពុជា។ ដោយឡែកភាគីកម្ពុជា បានបង្ហាញអំពីជំហរចិនតែមួយ ដោយមិនងាករេ និងគាំទ្រដល់គំនិតផ្តួចផ្តើមនានារបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន។
ក្រោយពេលបញ្ចប់ការពិភាក្សាក្នុងជំនួបទ្វេភាគីសម្តេចតេជោ ហ៊ុន សែន និង លោកនាយករដ្ឋមន្រ្តី លី ខឺឈាង បានធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៩ រវាងកម្ពុជា-ចិន។ កិច្ចព្រមព្រៀងទាំងនោះ រួមមាន៖
«វិស័យរដ្ឋ និងរដ្ឋ»
ទី១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការលើកកម្ពស់បន្ថែមការអភិវឌ្ឍន៍មជ្ឈមណ្ឌលរដ្ឋបច្ចេកវិទ្យាកម្ពុជា-ចិន
ទី២៖ អនុស្សារណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការលើការកម្ពស់គុណភាពផលិតផល
ទី៣៖ កិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
ទី៤៖ លិខិតប្ដូរសារ ស្ដីពីគម្រោងជួសជុលរាជវាំងនៅអង្គរ
ទី៥៖ លិខិតប្ដូរសារ ស្ដីពីការផ្ដល់ជូនបរិក្ខារមួយកញ្ចប់
ទី៦៖ អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីគម្រោង «ដំណើរនៃក្ដីស្រលាញ់ពីបេះដូង» នៅកម្ពុជា
ទី៧៖ អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការរៀបចំផែនការរួមគ្នាលើការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា
ទី៨៖ អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវដំណាំស្រូវ
ទី៩៖ កិច្ចព្រមពៀង ស្ដីពីការអនុវត្តគម្រោង «ការបង្កើតមជ្ឈមណ្ឌលបង្កាត់ និងអភិរក្សពូជឈើមានតម្លៃខ្ពស់នៅកម្ពុជា»
ទី១០៖ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ខ្សែអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ល ដំណាក់កាលទី២
ទី១១៖ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងពង្រីក និងលើកម្រិតផ្លូវជាតិលេខ៣ (ចោមចៅ-បែកគួស-ក្រុងកំពត)
ទី១២៖ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្ដិការទៅវិញទៅមក
« វិស័យរដ្ឋ និងឯកជន»
ទី១៣៖ កិច្ចព្រមព្រៀងសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ខេត្ដព្រះសីហនុ
ទី១៤៖ កិច្ចព្រមព្រៀង ស្ដីពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ
ទី១៥៖ អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីពាណិជ្ជកម្មអង្ករ
ទី១៦៖ កិច្ចសន្យាសម្រាប់គម្រោងសាងសងខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉លជាឆ្អឺងខ្នងសម្រាប់បណ្ដាញជាតិ និងភ្ជាប់អនុតំបន់
ទី១៧៖ កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្ដីពីកិច្ចសហប្រតិបត្ដិការការហិរញ្ញប្បទាន សម្រាប់គម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី ប្រទេសកម្ពុជា
« វិស័យឯកជន និងឯកជន»
ទី១៨៖ កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្ដីពីគម្រោង បាញ់បង្ហោះផ្ដាយរណប «តេជោ១»
ទី១៩៖ កិច្ចព្រមព្រៀង ស្ដីពីគម្រោងវិនិយោគលើការសាងសង់ និងប្រតិបត្តិការកំពង់ផែស្ទឹងហាវ
បន្ទាប់ពីបញ្ចប់ពិធីចុះហត្ថលេខានៅវិមានសន្តិភាព លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង បានបន្តដំណើរចូលគាល់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង និងបានត្រឡប់ពីព្រះបរមរាជវាំង មកកាន់វិមានសន្តិភាព ដើម្បីចូលរួមពិធីលាងសាយភោជន៍ ដែលរៀបចំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវេលាថ្ងៃត្រង់។
ដោយឡែកសម្រាប់សេចក្តីប្រកាសរួមកម្ពុជា-ចិន ដែលផ្សព្វផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មុនបញ្ចប់ដំណើរ ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីចិន ក៏បានឱ្យដឹងដែរថា អំឡុងពេលទស្សនកិច្ចនេះ កម្ពុជា-ចិនបានទទួលបានលទ្ធផលផ្លែផ្កា ជាគោលចំនួន៦ចំណុចធំៗ ក្នុងនោះមានដូចជា៖
១៖ ភាគីទាំងពីរ បានផ្លាស់ប្ដូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅ លើទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់ និងអន្ដរជាតិដែលជាកង្វល់រួម ហើយបានឯកភាពមតិគ្នាយ៉ាងទូលំទូលាយ។ ទស្សនកិច្ចនេះ ទទួលបានជោគជ័យយ៉ាងពេញលេញ និងបានជំរុញឲ្យកាន់តែខ្លាំងក្លាថែមទៀត នូវកិច្ចសហប្រតិបត្ដិការភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។
២៖ ភាគីចិនបានអបអរសាទយ៉ាងកក់ក្ដៅចំពោះសមិទ្ធផល ដ៏គួរឲ្យកត់សម្គាល់របស់ភាគីកម្ពុជា ក្នុងការអភិវឌ្ឍជាតិ និងក្នុងកិច្ចសហប្រតិបត្តិការអន្ដរជាតិ។ ចិនគោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា និងបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះប្រជាជនកម្ពុជា ក្នុងជ្រើសរើសមាគ៌ាអភិវឌ្ឍស្របទៅនឹងល័ក្ខខ័ណ្ឌរបស់កម្ពុជា។ ភាគីចិនបានបង្ហាញនូវឆន្ទៈក្នុងការផ្ដល់ជំនួយចាំបាច់ដល់កម្ពុជា ដើម្បីរក្សាសន្ដិភាព សម្រេចការអភិវឌ្ឍ និងកែលម្អជីវភាពរស់នៅរបស់ប្រជាន ហើយថែមទាំងបានជូនពរ និងសម្ដែងជំនឿជឿជាក់ថា ប្រជាជនកម្ពុជានឹង ទទួលបានវឌ្ឍនភាពថ្មីៗទៀត ក្នុងការកសាងជាតិ ក្រោមម្លប់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមានាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។ ភាគីកម្ពុជាបានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះជោគជ័យយ៉ាងពេញលេញនៃមហាសន្និបាតជាតិលើកទី១៩ របស់បក្សកុម្មយនីស្ដចិន សូមវាយតម្លៃខ្ពស់ចំពោះគំនិតរបស់លោក ស៊ី ជីនពីង ស្ដីពី «សង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ចិនក្នុងយុគសម័យថ្មី» ដែលជាមគ្គុទេសក៏ដឹកនាំសកម្មភាពបក្សទាំងមូល ហើយបានសម្ដែងនូវការជូនពរដោយស្មោះ និងការជឿជាក់ថា ប្រជាជនចិនក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ដែលមានលោក ស៊ី ជីនពីង ជាអគ្គលេខាធិការ និងជាអ្នកដឹកនាំស្នូល នឹងធ្វើដំណើរឆ្ពោះទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅរក «គោលដៅ មួយរយឆ្នាំទាំងពីរ» ហើយនឹងអភិវឌ្ឍប្រទេសចិន ឲ្យទៅជាប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន សុខដុមរមនា និងស្រស់ស្អាត។ ភាគីកម្ពុជា បានអះអាងសារជាថ្មី អំពីជំហរកម្ពុជា ក្នុងការប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់នូវនយោបាយចិនមួយ និងគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងកិច្ចការពាររធិបតេយ្យជាតិ និងបុរណភាពដែនដី។
៣៖ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន គួរឲ្យកត់សម្គាល់នៃទំនាក់ទំនងទ្វេភាគី នៅក្នុងរយៈពេល៦០ឆ្នាំ កន្លងមក ចាប់ពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយបានកត់សម្គាល់ដោយការពេញចិត្តថា ក្រោមកិច្ចប្រឹងប្រែងរួមនៃប្រទេសទាំងពីរ ចំណងមិត្ដភាពជាប្រពៃណីកម្ពុជា-ចិន ត្រូវបានបន្ដជំរុញ និងធ្វើឲ្យកាន់តែប្រសើរឡើង។ ក្នុងនោះ មានការប្រាស្រ័យទាក់ទងកំរិតខ្ពស់ជាញឹកញាប់ ការធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក ការផ្លាស់ប្ដូរប្រជាជន-ប្រជាជន និងវប្បធម៌យ៉ាងសកម្ម និងកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ នៅក្នុងឱកាសកិច្ចប្រជុំពហុភាគី។ ទំនាក់ទំនងកម្ពុជា-ចិន ដែលមានភាពគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍស៊ីជម្រៅ បានផ្ដល់ផលប្រយោជន៍សន្ធឹកសន្ធាប់ប្រជាជនទាំងពីរ និងចូលរូមចំណែកជាវិជ្ជមានដល់សន្ដិភាព និងវិបុលភាព ក្នុងតំបន់ និងសកលលោក។ ភាគីទាំងពីរឯកភាពមតិគ្នាថា ការលើកកំពស់កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន ឲ្យកាន់តែធំធេង និងស៊ីជម្រៅ គឺស្របទៅតាមគោលបំណងប្រាថ្នារួម និងផលប្រយោជនស្នូលរបស់ប្រជាជនទាំងពីរ ហើយបង្កបរិយាកាសអំណោយផលដល់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ ភាគីទាំងពីរ នឹងបន្ដរក្សាប្រពៃណីកន្លងមក និងឆ្លៀតយកឱកាសខួបអនុស្សាវរីយ៍ លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត ដើម្បីពង្រឹងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានសារៈសំខាន់យុទ្ធសាស្ដ្រ។
៤៖ ភាគីទាំងពីរឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន នៅសករាជថ្មី តាមវិស័យដូចខាងក្រោម៖
ក៖ បន្តការប្រាស្រ័យទាក់ទងកំរិតខ្ពស់ឲ្យបានជិតស្និទ្ធ លើកកម្ពស់ការធ្វើទំនាក់ទំនងគ្នាជាយុទ្ធសាស្ត្រ និងគិតគូរអំពិទិសដៅទូទៅនៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន។ ចិននឹងបន្តសម្រួលដល់ការពិតិត្យព្រះរាជសុខភាព និងព្យាបាលព្រះរោគថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតា មុនីនាថ សីហនុ នៅប្រទេសចិន និងស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាផ្សេងទៀត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទសចិន តាមពេលវេលាសមស្រប ក្នុងរូបភាពផ្សេងៗគ្នា។ ថ្នាក់ដឹកនាំចិន ក៏មានបំណងមកទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្របរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ។
ខ៖ អនុវត្តឲ្យបានពេញលេញនូវតួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិរវាងកម្ពុជា និងចិន និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការលើកទី៥ ឲ្យបានទាន់ពេលវេលា ដើម្បីជំរុញការដឹកនាំម៉ាក្រូ និងកិច្ចសម្របសម្រួលសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ក្រសួងការបរទេសទាំងពីរ ក្នុងនាមជាស្ថាប័ននាំមុខនៃគណៈកម្មាធិការនេះ គួរបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំ និងអនុវត្តផែនការសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីថេមទៀត និអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀង ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការស្ថិតក្រោមបរិបទថ្មីរវាងក្រសួងការបរទេសណៃប្រទេសទាំងពីរ។
គ៖ រក្សាការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតលើវិស័យការពារជាតិ និងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានាដូចជា៖ វគ្គបណ្តុះបណ្តាលឧបករណ៍ សេវាសុខាភិបាល ឡូជីស្ទីក និងសន្តិសុខពហុភាគី និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតបត្តិការក្នុងការបករយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស បទល្មើសតាមបណ្តាញព័ត៌មានវិទ្យា ភេរវកម្ម ក៏ដូចជាការប្រឆាំងការរត់ពន្ធគ្រឿងញៀន កសាងសមត្ថភាពការអនុវត្តច្បាប់ និងដស៊ើបអង្កេតបទល្មើស។
ឃ៖ ពន្លឿនការបង្សីគ្នាប្រកបដោយប្រសិទ្ធិភាពរវាង «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» និងផែនការប្រាំឆ្នាំលើកទី១៣ របស់ចិន ជាមួយនឹងយុទ្ធសាស្ត្រចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ របស់កម្ពុជា អនុវត្តឲ្យបានពេញលេញនូវគម្រោងផែនការសម្រាប់រួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» និងលើកកម្ពស់កិច្ចសហប្រតិបត្តិកាឋរជាក់ស្តែងលើវិស័យសមត្ថភាពផលិត និងវិនិយោគ។
ភាគីទាំងពីរបានឯកភាពប្រគល់តួនាទីដឹកនាំពេញលេញដល់គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់រដ្ឋាភិបាលទាំងពីរ គាំទ្រសហគ្រាស នៃប្រទេសទាំងពីតឲ្យមានកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើកគ្រប់វិស័យ និងរយៈពេលវែង។ ភាគីទាំងពីរក៏បានេកភាពបង្កើនទំហំ និងកម្រិតពាណិជ្ជកម្មទ្វេរភាគី ដើម្បីសម្រេចគោលដៅពង្រីកទំហំពាណិជ្ជកម្មឲ្យដល់ ៦ប៊ីលានដុល្លារអាមេរិមក នៅឆ្នាំ២០២០ តាមផែនការ។ ភាគីចិន នឹងរៀបចំសកម្មភាពលើកម្ពស់ពាណិជ្ជកម្ម និងពង្រីកការនាំចូលពីកម្ពុជា។ ភាគីចិន ស្វាគមន៍រាជរដ្ឋាភិបាល និងសហគ្រាសកម្ពុជា ទៅចូលរួមពិពរណ៍នាំចូលអន្តរជាតិលើកដំបូង របស់ចិននៅប្រទេសចិន។ ភាគីចិនស្វាគមន៍ផលិតផលកសិកម្មកម្ពុជាច្រើនថែមទៀត ដែលឆ្លើយតបនឹងស្តង់ដារត្រួតពិនិត្យ និងចត្តាឡីស័ករបស់ចិន និងតម្រូវការអ្នកប្រើប្រាស់ ចូលទៅទីផ្សារចិន ហើយនឹងពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកអនាម័យ និងភូតគាមអនាម័យ។ ភាគីចិន នឹងបន្តជួយកម្ពុជា ក្នុងការអភិវឌ្ឍវិស័យនានា ដូចជាការដឹកជញ្ជូន ការសន្សំទឹក ការបោសម្អាតមីន សេវាអប់រំ និងវេជ្ជសាស្ត្រ ជំរុញយ៉ាងសកម្មលើការសាងសង់ពហុកីឡាដ្ឋានមរតកតេជោ និងអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅភ្នំពេញ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ និងគម្រោងផ្សេងៗទៀត ដែលពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាជន។ ភាគីទាំងពីរ និងជំរុញកាតរអនុវត្តអនុស្សារណៈយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ គាំទ្រក្រុមហ៊ុនដែលមានសមត្ថភាពខ្ពស់ និងជឿទុកចិត្តវបាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ធនធានទឹក និងឋាមពល ទូគមនាគមន៍ ឧស្សាហកម្ម និងទេសចរណ៍ ជំរុញការសាងសង់ និងប្រតិបត្តិការនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងចូលរូមយ៉ាងសកម្មក្នុងការសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាប។
ភាគីទាំងពីរ បានឯកភាពគ្នាជំរុញយ៉ាងពេញទំហំនូវកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រួមគ្នាបង្កើតផែនការអភិវឌ្ឍន៍កសិកម្មទំនើបជាតិកម្ពុជា បង្កើតសួនតាំងបង្ហាញ និងកិច្ចសហប្រតិបត្តិការកម្មសិកម្មទងំនើប និងតំបន់កែច្នៃផលិតផលកសិកម្ម ជំរុញការអភិវឌ្ឍការកែច្នៃការទុក និងឡូជីស្តុក សម្រាប់ផលិតផលកសិកម្មកម្ពុជា និងពង្រីកចង្វាក់ឧស្សាហកម្មសម្រាបើវិស័យកសិកម្ម។
៥៖ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានធ្វើជាអធិបតីនៃការចុះហត្ថលេខាលើឯកសារចំនួន១៩ រួមមាន៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការលើកកម្ពស់បន្ថែមការអភិវឌ្ឍមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា កម្ពុជា-ចិន, អនុស្សារណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការ លើកកម្ពស់គុណភាពផលិតផល, កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស, លិខិតប្តូរសារស្តីពីគម្រោងជួសជុលរាជវាំងនៅអង្គរ, អនុស្សារណៈនៃការយោគយល់គ្នាស្តីពីគម្រោង «ដំណើរនៃក្តីស្រឡាញ់ពីបេះដូង» នៅកម្ពុជា, អនុស្សារណៈនៃការយោគយល់គ្នា ស្តីអំពីការរៀបចំផែនការរួមលើការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា, កិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោង «ការបង្កើតមជ្ឈមណ្ឌលបង្កាត់ និងអភិរក្សពូជឈើមានតម្លៃខ្ពស់នៅកម្ពុជា»។ល។
៦៖ ភាគីទាំងពីរយល់ថា លទ្ធផលដ៏សំខាន់ និងប្រកបដោយផ្លែផ្កានៃទស្សនៈកិច្ចនេះ បានពង្រីងចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិនបន្ថែមទៀត ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យជាច្រើន និងជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឲ្យឈានដល់កម្រិតថ្មីមួយទៀត។
លោកនាយករដ្ឋមន្ត្រី លី ខឺឈាង បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានផ្តល់ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងស្និទ្ធស្នាលក្នុងអំឡុងពេលទស្សនកិច្ចនេះ ព្រមទាំងបានអញ្ជើញសម្តេចតេជោហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាថ្មីទៀត នាពេលអនាគត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ និងទទួលនូវការអញ្ជើញដោយសេចក្តីសោមនស្សរីករាយ។
នាយករដ្ឋមន្ដ្រីចិន លោក លី ខឺឈាង បានចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង១៣៖៥០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ដែលបន្សល់ទុកនូវអនុស្សាវរីយ៍ និងពន្លកនៃសមទ្ធិផលជាច្រើនសម្រាប់កម្ពុជា៕