(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ពេញ១ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរច្រើនជាងគេ គឺ ភ្ញៀវចិនឈរលំដាប់ថ្នាក់លេខ១ ដែលមានចំនួន៩១០,១០៧នាក់ កើនឡើងចំនួន៣៦.៣៩% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០១៦។ តាមពីក្រោយដោយ ភ្ញៀវទេសចរកូរ៉េខាងត្បូង ឈរលំដាប់ថ្នាក់លេខ២ មានចំនួន២៤៦,៥៣៥នាក់ ថយចុះ០.០៣% បៀបធៀបនឹងឆ្នាំមុន និងលំដាប់ថា្នក់លេខ៣ បានទៅលើសហរដ្ឋអាមេរិក មានចំនួន១៥៥,៤១៤នាក់ កើនឡើង០.៤៧%។
យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិចំនួន១៦៩ជនជាតិ ដែលមានចំនួនសរុបប្រមាណ ២,៤៥៧,០២៣នាក់ បានទិញប័ណ្ណចូលទស្សនារមណីយអង្គរកើនឡើង១១.៨២% ទទួលបានចំណូល ១០៧,៩៧៦,៤៣៩ដុល្លារ កើនឡើង៧២.៥៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។
របាយការណ៍បញ្ជាក់ទៀតថា ភ្ញៀវទេសចរ អង់គ្លេសឈរលំដាប់ថ្នាក់លេខ៤, ភ្ញៀវទេសចរជប៉ុន ឈរលំដាប់ថ្នាក់លេខ៥, ភ្ញៀវទេសចរបារាំង ឈរលំដាប់ថ្នាក់លេខ៦, ភ្ញៀវទេសចរអូស្រ្ដាលី ឈរលំដាប់ថ្នាក់លេខ៧, ភ្ញៀវទេសចរអាល្លឺម៉ង់ឈរលំដាប់ថ្នាក់លេខ៨, ភ្ញៀវទេសចរថៃ ឈរលំដាប់ថ្នាក់លេខ៩, ភ្ញៀវទេសចរវៀតណាម ដែលធ្លាប់ឈរលំដាប់ថ្នាក់លេខ១ បានធ្លាក់មកចំណាត់ថ្នាក់លេខ១០, ភ្ញៀវទេសចររុស្សីឈរលំដាប់ថ្នាក់លេខ១១, ភ្ញៀវទេសចរឥណ្ឌាឈរ
លំដាប់ថ្នាក់លេខ១២, អេស្ប៉ាញឈរលំដាប់ថ្នាក់លេខ១៣, ភ្ញៀវទេសចរម៉ាឡេស៊ី ឈរលំដាប់ថ្នាក់លេខ១៤ និង ភ្ញៀវទេសចរហ្វីលីពីនឈរលំដាប់ថ្នាក់លេខ១៥។
សូមជម្រាបថា សម្រាប់រយៈពេល១១ខែ ចាប់ពីខែកុម្ភៈ ដល់ ខែធ្នូ ឆ្នាំ២០១៧ ហើយចំណូលដែលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤,៣៣៩,៩៦៤ដុល្លារ ត្រូវបានរដ្ឋឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា ៕