(ភ្នំពេញ)៖ បុរសជាជនជាតិប៊ែលហ្សិកម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅអាកាសយានដ្ឋានអន្ដរជាតិ នាវេលាម៉ោង២០៖១៣នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងករណីរត់ពន្ធគ្រឿងញៀនជាង១គីឡូក្រាម ឆ្លងដែនចូលមកកម្ពុជា ឆ្លងដែនតាមជើងអាកាស។
មន្ដ្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះថា ជនសង្ស័យ ឈ្មោះ CATRY DAVIT NOEL ភេទប្រុស ជនជាតិប៊ែលហ្សិក កាន់លិខិតឆ្លងលេខ EN ១០៦៣២៣។ ជនសង្ស័យរូបនេះ បាននាំថ្នាំញៀន Cocaine ពីប្រទេសប្រេសីល ឆ្លងកាត់អេត្យូពី-ថៃ ហើយមកដល់កម្ពុជា ។
ចំពោះការចុះឃាត់ខ្លួនបុរសជាជនជាតិប៊ែលហ្សិកខាងលើនេះ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន (ក១) បានសហការជាមួយសមត្ថកិច្ចគយ នគរបាលអន្ដោប្រវេសន៍ និងសមត្ថកិច្ច ពាក់ព័ន្ធ ។
មន្ដ្រីនគរបាល បានបន្ដទៀតថា ក្នុងនោះ ដកហូតបាន សារធាតុញៀនប្រភេទ Cocaine ទម្ងន់ ១០០៣.២៤ g (លាក់ក្នុងបាតវ៉ាលិស), ទូរស័ព្ទដៃ១គ្រឿង, លិខិតឆ្លងដែន ១ក្បាល, កាតសម្គាល់ខ្លួន ១សន្លឹក និងវ៉ាលិ១៕