(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចជំនួបទ្វេភាគីរវាងមេដឹកនាំរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីចិន លោក លឺ ខឺឈាង, ដោយនៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ថង លូនស៊ីសូលីត នៅវិមានសន្តិភាព។
សូមជំរាបថា កិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលធ្វើឡើងពេញមួយកំណាត់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅលើកទឹកដីកម្ពុជា បានបិទបញ្ចប់ ទៅប្រកបដោយជោគជ័យ និងផ្លែផ្កាខ្ពស់ ដោយប្រទេសសមាជិក នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានសន្យាជំរុញ កិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសការជំរុញសន្តិភាពក្នុងតំបន់ ដើម្បីទទួលបានការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ បានធ្វើឡើងនៅវិមានសន្តិភាព ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព»។ កិច្ចប្រជុំនេះមានមេដឹកនាំប្រទេសចំនួន៦ចូលរួមក្នុងនោះមានកម្ពុជា ចិន ឡាវ ថៃ វៀតណាម និងមីយ៉ាន់ម៉ា ដោយមាន សម្តេចតេជោ ហ៊ុន សែន និង លោក លី ខឺឈាង ធ្វើជាសហប្រធាន។
ក្រោយបញ្ចប់កិច្ចប្រជុំនេះ ភាពជាសហប្រធានវិលជុំរបស់មេគង្គ-ឡានឆាង ដែលកំណត់រយៈពេល២ឆ្នាំម្តង ត្រូវបានប្រគល់ជូនប្រទេសឡាវវិញម្តង។ ដោយឡែកប្រទេសចិន គឺជាសហប្រធានអចិន្រ្តៃយ៍ ដោយសារតែចិនជាប្រទេសធំជាងគេ ហើយមានការអភិវឌ្ឍខ្ពស់ ព្រមទាំងជាប្រទេសដើមដំបូង នៃទន្លេមេគង្គតែម្តង៕