(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ​ វិជ្ជាធរ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្រ្តីនគរបាលពាក់ស័ក្តិ៤ (តាមពិតស័ក្តិ៣) ដែលលើកជើងធាក់មន្រ្តីនគរបាលចរាចរណ៍ ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ។ នេះបើតាមមន្ដ្រីតុលាការ ថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅមុននេះបន្ដិច។

នៅថ្ងៃដដែលនេះ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ចំនួ​ន២បទល្មើស គឺ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ ដោយអាជ្ញាធរសាធារណៈ» ប្រព្រឹត្តទៅនៅចំណុចផ្លូវលេខ៥៩៨ កែផ្លូវលេខ៣១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ។

សម្រាប់មាត្រា២១៨ ត្រូវប្រឈមជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ពិន័យជាប្រាក់ពី៤លាន ទៅ១០លាន និងមាត្រា៦១៤ ដែលប្រឈមជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ ពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ២លានរៀល។ បើតាមការបញ្ជាក់ពីមន្រ្តីតុលាការ តាមពិតជនត្រូវចោទរូបនេះ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក (ស័ក្តិ៣) ប៉ុន្តែជននេះបានទិញស័ក្តិក្លែងក្លាយ១ទៀត ដើម្បីពាក់លើស្មា គឺឡើងស័ក្តិ៤។​

សមត្ថកិច្ចបានឱ្យដឹងថា ​ជនដៃដល់ដែលប្រើអំពើហិង្សាទៅលើមន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យានោះ មានឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ ដែលបម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រើអំពើហិង្សា និងមានការបែកធ្លាយវីដេអូភស្តុតាងនៅតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ។

មន្ដ្រីជាប់កិច្ចសន្យា ដែលរងការធាក់មួយជើងចំកណ្ដាលដើមទ្រូងនោះ ឈ្មោះ អឿន ចំណាន៕