(ភ្នំពេញ)៖ ក្រុមហ៊ុនមកពីប្រទេសចិន ដ៏ល្បីមួយបានមកបណ្ដាក់ទុនបើកសាលាភាសាអន្តរជាតិសម្រាប់កុមារ ដោយផ្ដោតសំខាន់លើភាសាចិន និងអង់គ្លេស នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកវិស័យអប់រំខ្នាតអន្តរជាតិ ដែលមានឈ្មោះថា «Dadi- Prestige» ដោយបានធ្វើពិធីប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកសាលា និងតំណាងក្រុមហ៊ុន មកពីប្រទេសចិន ផងដែរ។
លោក Kevin Lim នាយកសាលាអន្តរជាតិ «Dadi-Prestige» បានថ្លែងឲ្យដឹងថា បន្ទាប់ពីបានទទួលជោគជ័យ លើការពង្រឹងប្រព័ន្ធអប់រំកម្រិតអន្តរជាតិ នៅក្នុងប្រទេសចិន និងតៃវ៉ាន់ រួចមក ពេលនេះសាលាកម្រិតស្ដង់ដាធំ មួយនៅតំបន់អាស៊ី ដែលមានឈ្មោះ Dadi- Prestige បានមកដល់ប្រទេសកម្ពុជាហើយ ដោយក្រៅពីនាំយកប្រព័ន្ធអប់រំ ក្នុងកម្រិតជាអន្តរជាតិមួយមកបណ្ដុះបណ្ដាល ដល់កុមារកម្ពុជា ក៏បានបញ្ជូនគ្រូជាជនជាតិចិន និងអង់គ្លេសជាច្រើននាក់ ឲ្យចុះមកបង្រៀនដោយផ្ទាល់។
លោកបន្តថា Dadi-Prestige International Academy គឺស្ថាប័នដែលបានបង្កើតសាលាបណ្ដុះបណ្ដាល ជាលក្ខណៈអន្តរជាតិនៅក្នុងប្រទេសចិន តៃវ៉ាន់ និងបណ្ដាប្រទេសមួយចំនួន យ៉ាងជោគជ័យរួចមកហើយ កាលពីរយៈពេលប្រមាណជាង៣០ឆ្នាំ។ មកទល់ពេលនេះ ក្រុមហ៊ុនមានសាលារហូតដល់៥០០សាខា នៅទូទាំងពិភពលោក ដោយបានក្លាយជាគ្រឹះស្ថាន ផ្ដល់ការអប់រំមួយយ៉ាងមានការពេញនិយម ពីសំណាក់អាណាព្យាបាលសិស្ស។
លោក Kevin Lim បានសង្ត់ធ្ងន់ថា សាលា Dadi- Prestige ដែលបានបើកសម្ពោធ នៅកម្ពុជាត្រូវបានរៀបចំតាមកម្រិតស្ដង់ដារ តាំងពីបន្ទប់សិក្សា របៀបសិក្សា ការដេគ័រ និងការសាងសង់អាគារម្ល៉េះ ដើម្បីឲ្យសិស្សឆាប់ចេះ ហើយមិនមានការប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពក្មេង នៅពេលពួកគេមកសិក្សា។ សាលានឹងផ្ដល់អាហារូបករណ៍៥០ភាគ ដោយស្វ័យប្រវត្តិ សម្រាប់កូនខ្មែរទាំងអស់ ដែលចុះមកសិក្សាក្នុងឆ្នាំសិក្សាដំបូងនេះ ដោយការផ្ដល់ជូនចំនួន៥០ភាគរយនេះ ក៏នឹងបន្តរហូតដោយមិនកំណត់ចំំនួន។ ការផ្ដល់អាហារូបករណ៍៥០ភាគសម្រាប់ការបើកថ្មីនេះ គឺដើម្បីឲ្យកូនខ្មែរមានឱកាស បានសិក្សានៅសាលាអន្តរជាតិ ដែលមានប្រេននៅលើពិភពលោក ហើយបានទទួលការអប់រំស្របតាមស្ដង់ដារមួយ ដែលអាចឲ្យកូនខ្មែរចេះទាំង២ព្រមគ្នាតែម្ដង គឺភាសាអង់គ្លេស និងចិន ព្រមជាមួយខ្មែរ និងជំនាញជាច្រើនទៀត។
លោកថា កម្មវិធីសំខាន់របស់ Dadi- Prestige ផ្ដោតជាពិសេសលើការបណ្ដុះកូនខ្មែរអោយចេះស្ទាត់នូវភាសាចិន និងអង់គ្លេសតាំងពីតូចតែម្ដង ដោយក្នុងជំហានដំណើរការសាលា នៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំទី១នេះ គឺសាលានឹងទទួលកូនខ្មែរចាប់ពីអាយុ១៨ខែ ដល់៥ឆ្នាំក្នុងកម្រិតមតេយ្យ ដើម្បីឲ្យពួកគេបានទទួលចំណេះដឹងមួយ ឲ្យមានភាសាអន្តរជាតិ ទាំង២ជាគ្រឹះតែម្ដង។ កូនខ្មែរដែលទទួលបានការបណ្ដុះបណ្ដាល នៅក្នុងសាលាមួយនេះ ត្រឹមតែមានចំណេះដឹងផ្នែកភាសា និងយល់ពីវិទ្យាសាស្រ្តតាំងពីក្មេងប៉ុណ្ណោះទេ ប៉ុន្តែក៏ជំរុញអោយពួកគេ មានគ្រឹះផ្នែកកីឡា និងតន្ត្រីផងដែរ ដោយសារតែតម្លៃ ដែលតម្រូវអោយបង់ក្នុងចំនួនមួយ ដែលទាបជាងសាលាអន្តរជាតិផ្សេងទៀត នៅកម្ពុជានេះ គឺសាលាមានផ្ដល់ឲ្យសិក្សាពេញមួយថ្ងៃ ផ្ដល់ទាំងអាហារ និងផ្ដល់ទាំងចំណេះដឹងផ្នែកភាសា កីឡា និងតន្ត្រីឲ្យព្រមគ្នាតែម្ដង។
ដោយឡែកលោក Xenos តំណាងជាន់ខ្ពស់របស់ DADI Education របស់ប្រទេសចិន បានថ្លែងថា ហេតុផលដែលលោកសម្រេចចិត្តបោះទុន បង្កើតសាលានេះនៅក្នុងប្រទេសកម្ពុជា គឺដោយសារតែលោកចង់ឃើញកុមារកម្ពុជា បានសប្បាយជាមួយនឹងប្រព័ន្ធរៀបចំ របស់សាលា Dadi- Prestige ដែលក្រៅពីមានប្រព័ន្ធអប់រំច្បាស់លាស់ ក៏មានការរៀបចំឲ្យពួកគេសប្បាយៗ តាមរយៈការបោះទុនធ្វើឧបករណ៍ឲ្យពួកគេ បានលេងកម្សាន្តក្នុងពេលសិក្សានោះផង។ ម្យ៉ាងមកពីលោកមើលឃើញពីសក្កានុពល និងការរីកចំរើនរបស់កម្ពុជា ស្របគ្នានឹងឃើញពីកិច្ចសហការកាន់តែល្អ ជាមួយប្រទេសចិនផង ទើបសាលា Dadi- Prestige ដែលផ្នែកថ្មីមួយ របស់ក្រុមហ៊ុនលោកត្រូវបានបង្កើតឡើង នៅកម្ពុជា។
រីឯអ្នកស្រី Jessica អ្នកគ្រប់គ្រងទូទៅសាលា Dadi- Prestige នៅកម្ពុជា បានថ្លែងថា ក្រោយការបង្ហាញខ្លួននៅកម្ពុជា ប្រព័ន្ធអប់រំដ៏មានប្រសិទ្ធិភាព របស់ក្រុមហ៊ុន DADI នឹងត្រូវបានយកមកអនុវត្តនៅកម្ពុជា។ គ្រូបង្រៀនទាំងអស់សុទ្ធតែត្រូវបានធ្វើតេស្ត និងបណ្ដុះបណ្ដាលពីក្រុមហ៊ុនDADI នៅក្នុងប្រទេសចិន មុនបញ្ជូនឲ្យមកបង្រៀននៅកម្ពុជា អ៊ីចឹងហើយទើបលោកស្រីថា កូនសិស្សនឹងទទួលបានចំណេះដឹងច្បាស់លាស់ លើផ្នែកអង់គ្លេស និងចិន ដោយសារតែគ្រូដែលជាអ្នកបណ្ដុះបណ្ដាលសុទ្ធតែ ជាគ្រូបរទេសហើយទទួលបានការបណ្ដុះបណ្ដាល តាំងពីសីលធម៌ និងរបៀបបង្ហាត់បង្រៀនជាងមុន។
សូមបញ្ជាក់ថា នៅក្នុងពិធីនោះ ក៏មានការចុះហត្ថលេខា រវាងក្រុមហ៊ុន Prestige Education Co.,LTD និង DADI International Education ដ៏ល្បីរបស់ចិន ដើម្បីសហការគ្នាផ្ដល់ការបណ្ដុះបណ្ដាល ឲ្យត្រូវទម្រង់ស្ដង់ដាមួយ នៅកម្ពុជាតាមរយៈវត្តមានសាលា Dadi- Prestige ផងដែរ៕