(ព្រះសីហនុ)៖ បន្ទាប់ពីមានការរិះគន់យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ចំពោះការដ្ឋានសំណង់សណ្ឋាគារ កាស៊ីណូ ខុនដូរ ដែលមានម្ចាស់ជាជនបរទេស ជាពិសេសជនជាតិចិន ដែលការដ្ឋានសំណង់របស់ពួកគេទាំងនោះ សសេរសុទ្ធតែអក្សរចិន ឬអក្សរបរទេសផ្សេងៗ មើលមិនយល់ជាដើម ដែលប្រាសចាសពីច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៨ លោកបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) អមដំណើរដោយអនុរដ្ឋលេខាធិការ អគ្គលេខាធិការរង គ.អ.ឆ.ក អាជ្ញាធរខេត្តក្រុងព្រះសីហនុ មន្ទីរ ដ.ន.ស.ស មន្ទីរបរិស្ថាន មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរសាធារណការនិងដឹកជញ្ជូន អាជ្ញាធរក្រុង និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យការដ្ឋានសំណង់ចំនួន៤កន្លែងធំៗ ក្នុងក្រុងព្រះសីហនុ ដើម្បីចូលរួមធ្វើយុទ្ធនាការផ្សព្វផ្សាយខ្លឹមសារមួយចំនួន។
ក្រុមប្រតិភូក៏ បានណែនាំឱ្យក្រុមហ៊ុនទាំងនោះ អនុវត្តតាមខ្លឹមសារលិខិតអនុញ្ញាតសាងសង់ សុវត្ថិភាពក្នុងការដ្ឋាន និងបទដ្ឋានគតិយុត្ត ជាធរមានផងដែរ។ ក្រុមប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ បានសំដែងក្តីរីករាយនៅពេលឃើញទីក្រុងទេសចរណ៍មួយនេះ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នឹកស្មានមិនដល់នារយៈពេលចុងក្រោយនេះ។
ប៉ុន្តែអ្វីដែលជាក្តីបារម្មណ៍នោះ គឺមានជនជាតិចិនមួយចំនួនតូច មិនបានគោរពច្បាប់របស់ប្រទេសកម្ពុជាយើងឡើយ។
ទោះជាយ៉ាងនេះក្តី ក្រុមប្រជាពលរដ្ឋមានការសប្បាយរីករាយ នៅពេលឃើញថ្នាក់ដឹកនាំក្រសួង និងខេត្ត បានយកចិត្តទុកដាក់នូវបញ្ហាអស់ទាំងនេះ។ ប្រជាពលរដ្ឋរំពឹងថា ម្ចាស់ការដ្ឋានសំណង់ទាំងនោះ នឹងចូលរួមសហការជាមួយក្រសួង និងខេត្តងាកមកចូលរួមគោរពច្បាប់កម្ពុជាយើងវិញ ដែលជាប្រទេសដែលមានអារ្យធម៌ជឿនលឿនតាំងពីយូរយារណាស់មកហើយ៕