(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង បានសន្យាថា នឹងជំរុញឱ្យភ្ញៀវទេសចរចិន ធ្វើដំណើរមកកាន់កម្ពុជាឱ្យកាន់តែច្រើនថែមទៀត ខណៈដែលឆ្នាំ២០១៧កន្លងទៅនេះ ទេសចរចិនបានឈរនៅលំដាប់ថ្នាក់លេខ១ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលមកដល់ប្រទេសកម្ពុជា។
ការអះអាងរបស់ លោក លី ខឺឈាង បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឥឡូវនេះចិនកំពុងនាំមុខក្នុង ការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ វិស័យទេសចរណ៍ ចិនក៏កំពុងនាំមុខ។ សម្តេចស្នើឱ្យនាយករដ្ឋមន្រ្តីចិន ជួយជំរុញទេសចរចិនមកកាន់កម្ពុជាផង និងទទួលទិញស្កអំពៅពីកម្ពុជាផងដែរ។
លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ជាការឆ្លើយតប លោក លឺ ខឺឈាង បានថ្លែងថា ជនជាតិចិនធ្វើទេសចរជុំវិញពិភពលោកប្រមាណ ២០០លាននាក់ក្នុង១ឆ្នាំៗ។ លោកសន្យាជួយជំរុញ ទេសចរចិន មកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើង។ លោក លី ខឺឈាង ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ និងកំណើនពាណិជ្ជកម្មប្រទេសទាំងពីរផងដែរ។
លោកនាយករដ្ឋមន្រ្តីចិន បានអបអរសាទរចំពោះ ខួបទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ លោកថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកនាពេលនេះ គឺជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាថែមទៀត។ លោកបានបន្តថា ទោះជាទស្សនកិច្ចរយៈពេលខ្លី ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ធ្វើការបានច្រើន បណ្តាលមកពីទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អ។
បើតាម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ គឺក្នុងឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប៥.៦លាននាក់ កើនឡើង១១.៦ភាគរយ។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងនោះ ទេសចរចិនមានជាង១.២លាននាក់ កើនឡើង ៤៦ភាគរយឈរលើលំដាប់លេខ១។
កម្ពុជា កំពុងខិតខំអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ឱ្យបាន១ភាគរយក្នុង១ឆ្នាំៗ នៃទេសចរណ៍ ដែលធ្វើដំណើរជុំវិញ ពិភពលោកប្រមាណ២០០លាននាក់។ ការទាញយកបានភ្ញៀវទេសចរចិន១ភាគរយ ស្មើនឹងកម្ពុជាទទួលបានភ្ញៀវទេសចរចិន២លាននាក់ក្នុង១ឆ្នាំៗផងដែរ៕