(ភ្នំពេញ)៖ ក្រោយពីជនជាប់ចោទប្តឹងទាស់ ដោយកើតទុក្ខមិនសុខចិត្តចំពោះសាលក្រម កំបាំងមុខដែលប្រកាសកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នោះ លោក ថាន់ ឡេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានបើកសវនាការកាត់ទោសសារជាថ្មីម្តងទៀត។

លោក សឿន មុន្នីរ័ត្ន តំណាងអយ្យការបានចោទប្រកាន់លើឈ្មោះ ហេង រិទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ឈើ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ និង២០១៤ យោងតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សាច់ប្រាក់។

នៅក្នុងសវនាការជនជាប់ ហេង រិទ្ធី អះអាងថា សាលក្រមដែលបានផ្តន្ទាទោសលោកដាក់ពន្ធនាគារ១ឆ្នាំ សងដើមបណ្តឹង៦ម៉ឺនដុល្លារ និងសងជំងឺចិត្តចំនួន១៥លានរៀលនោះ ជារឿងអយុត្តិធម៌ ព្រោះតែវាជាការសម្រេចកំបាំងមុខលោក និងបានសម្រេចដោយខុសពីអង្គហេតុ។ ជនជាប់ចោទបញ្ជាក់ថា ខ្លួន និងដើមបណ្តឹងឈ្មោះ អ៊ូ សុវណ្ណរិទ្ធ បានព្រមព្រៀងគ្នាទិញលក់ឈើ ក្នុងតម្លៃ ៥៥,០០០ដុល្លារ ដោយបានធ្វើកិច្ចសន្យាប្រគល់ និងទទួលប្រាក់។

ដើមបណ្តឹងបានឱ្យខ្លួន ទៅបើកគណនីធនាគារមួយដាក់លុយចូល១០ដុល្លារ ដើម្បីយកមូលប្បទានុបត្រ (សែក) មកប្រើ និងចុះហត្ថលេខាតម្កល់៥៥,០០០ដុល្លារ (ជាសែកស្អុយ) ទៅឱ្យដើមបណ្ដឹង ដោយសន្យាថា នៅពេលដែលខ្លួនគ្មានឈើ ត្រូវប្រគល់លុយគ្រប់ចំនួន ឲ្យដើមបណ្តឹងវិញ ដើមបណ្តឹងនឹងប្រគល់សែកស្អុយនោះមកវិញដែរ។ ក្នុងករណីខ្លួនមានឈើប្រគល់ឱ្យដើមបណ្ដឹង នោះ ដើមបណ្តឹងត្រូវប្រគល់សែកស្អុយនោះមកខ្លួនវិញ។

ប៉ុន្តែនៅពេលដែលខ្លួនដល់ថ្ងៃប្រគល់ឈើ ទៅដើមបណ្ដឹងបែរជាដើមបណ្តឹងថា ឈប់យកឈើហើយ និងតម្រូវឱ្យខ្លនប្រគល់ប្រាក់ឱ្យគេវិញ ដោយសារខ្លួនគ្មានលុយបង្វិលទៅដើមបណ្តឹង ទើបដើមបណ្តឹងប្តឹងរឿងចេញសែកស្អុយ ឱ្យនគរបាលចាប់តែម្តង។

ទោះជាយ៉ាងណា សំណុំរឿងនេះ ត្រូវតុលាការលើកពេលទៅប្រកាសសាលក្រម នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ៕